ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាមេរិក-អ៉ីស្រាអែលបន្តវាយប្រហារកម្ទេចគោលដៅនៅកណ្តាល «បេះដូងទីក្រុងតេហេរ៉ង់» របស់អ៉ីរ៉ង់

53

ហ្សេរុយសាឡិម៖នាថ្ងៃអាទិត្យ ការវាយប្រហាររួមគ្នារបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល ទៅលើប្រទេសអ៉ីរ៉ង់ បានឈានចូលដល់ថ្ងៃទី២ហើយ បន្ទាប់ពីការវាយប្រហារសម្លាប់មេដឹកនាំកំពូល លោក អាលី ខាមេណី បានរុញច្រានអនាគតរបស់សាធារណរដ្ឋអ៉ីស្លាមមួយនេះ ទៅរកភាពមិនប្រាកដប្រជា និងបង្កក្តីបារម្ភយ៉ាងខ្លាំងពីអស្ថិរភាពនៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយ បណ្តាញព័ត៌មាន Reuters។

សំឡេងផ្ទុះជាច្រើនបានបន្លឺឡើងយ៉ាងកក្រើកក្នុងទីក្រុងតេហេរ៉ង់ ខណៈយោធាអ៉ីស្រាអែល (IDF) បានប្រកាសថា ខ្លួនកំពុងវាយប្រហារកម្ទេចគោលដៅភេរវករ ចំកណ្តាល «បេះដូង» នៃរដ្ឋធានីរបស់អ៉ីរ៉ង់តែម្តង។ កងទ័ពអាកាសអ៉ីស្រាអែល បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ដើម្បីដណ្តើមប្រៀបលើដែនអាកាស និងត្រួសត្រាយផ្លូវវាយលុកចូលទីក្រុងតេហេរ៉ង់។ 

ទន្ទឹមគ្នានេះ បញ្ជាការដ្ឋានរណសិរ្សក្នុងស្រុករបស់អ៉ីស្រាអែល ក៏បានប្រកាសកោះហៅកងទ័ពបម្រុងប្រមាណ ២ម៉ឺននាក់ជាបន្ទាន់ ដើម្បីចុះជួយសង្គ្រោះជនស៊ីវិលអ៉ីស្រាអែល ដែលរងគ្រោះដោយសារការបាញ់ស្រោចមីស៊ីលសងសឹកពីសំណាក់អ៉ីរ៉ង់ផងដែរ។

គួរបញ្ជាក់ថា អ្នកនាំពាក្យយោធាអ៉ីស្រាអែល ឧត្តមសេនីយ៍ត្រី ហ្វី ដេហ្វ្រីន (Effie Defrin) បានប្រកាសតាមកញ្ចក់ទូរទស្សន៍នៅថ្ងៃអាទិត្យនេះថា ក្នុងប្រតិបត្តិការនេះ អ៉ីស្រាអែលបានកម្ទេចឃ្លាំងស្តុកមីស៊ីលរបស់អ៉ីរ៉ង់អស់ប្រមាណពាក់កណ្តាល និងបានទប់ស្កាត់ការផលិតមីស៊ីលថ្មីៗយ៉ាងហោចណាស់ ១,៥០០គ្រាប់បន្ថែមទៀត។ លោកបានសង្កត់ធ្ងន់ថា កន្លងមករដ្ឋាភិបាលតេហេរ៉ង់បានផលិតមីស៊ីលបាញ់ពីដីទៅដីរាប់សិបគ្រាប់ក្នុងមួយខែ ហើយថែមទាំងមានមហិច្ឆតាចង់បង្កើនសមត្ថភាពផលិតឱ្យបានដល់រាប់រយគ្រាប់ក្នុងមួយខែ ឯណោះ៕

អត្ថបទដែលជាប់ទាក់ទង