ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តម្លៃប្រេងអន្តរជាតិហក់ឡើងជាង៧ភាគរយរីឯតម្លៃមាសកើនជាង១ភាគរយខណៈមជ្ឈិមបូព៌ាស្ថិតក្នុងជម្លោះយោធា

58

មជ្ឈិមបូព៌ា៖តម្លៃប្រេងអន្តរជាតិ និងតម្លៃមាស នាថ្ងៃចន្ទ ទី២ ខែមីនា បានកើនឡើង ខណៈជម្លោះយោធានៅតំបន់មជ្ឈិមបូព៌ា ទំនងជាអូសបន្លាយពេលរាប់សប្តាហ៍ ដែលធ្វើឱ្យអ្នកវិនិយោគសម្រុកងាកទៅការធានាសុវត្ថិភាពពាក់ព័ន្ធនឹងប្រាក់ដុល្លារ ក៏ដូចជាមាស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រេងឆៅ Brent មានតម្លៃ ៧៨.៣៤ដុល្លារក្នុងមួយបារ៉ែល ដោយបានកើនឡើង ៧.៥ភាគរយ ហើយប្រេងឆៅអាមេរិក មានតម្លៃ ៧១.៨៨ដុល្លារក្នុងមួយបារ៉ែល កើនឡើង ៧.៣ភាគរយ។ ដោយឡែក តម្លៃមាសបានកើនឡើង ១.៥ភាគរយ គឺ ៥ ៣៥៨ដុល្លារក្នុងមួយអោន។

ការវាយប្រហារផ្នែកយោធារបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលលើអ៉ីរ៉ង់ គ្មានសញ្ញាថមថយ ទេ ខណៈបណ្តាប្រទេសអារ៉ាប់ កំពុងឆ្លើយតប នឹងការបាញ់មីស៉ីល ពីអ៉ីរ៉ង់នៅទូទាំងតំបន់ ចំពេលមានក្តីបារម្ភដែលថាអាចនឹងអូសទាញ ឱ្យប្រទេសជិតខាងអ៉ីរ៉ង់ ធ្លាក់ចូលទៅក្នុងជម្លោះដែរ។

តាមការបញ្ជាក់របស់ប្រធានាធិបតី ដូណាល់ ត្រាំ ទៅកាន់កាសែត Daily Mail ជម្លោះអាចអូសបន្លាយពេល ៤សប្តាហ៍ទៅមុខទៀត ដោយការវាយប្រហារនឹងបន្តរហូតដល់គោលបំណងអាមេរិកបានសម្រេច។ ឥឡូវនេះ ក្រសែភ្នែកគ្រប់ទិសទីកំពុងសម្លឹងទៅច្រកសមុទ្រ Hormuz ជាកន្លែងដែលមានលំហូរពាណិជ្ជកម្មប្រេង ប្រហែល ១ភាគ ៥នៃការដឹកជញ្ជូនប្រេងតាមផ្លូវសមុទ្រ និង ២០ភាគរយនៃឧស្ម័នធម្មជាតិរាវ (LNG) របស់ពិភពលោក។ ពេលដែលផ្លូវទឹកដ៏សំខាន់មួយនេះ មិនទាន់ត្រូវបានបិទខ្ទប់នៅឡើយ ភ្នាក់ងារតាមដានចរាចរណ៍ផ្លូវសមុទ្រ បានឱ្យដឹងថា នាវាដឹកប្រេងកំពុងចតនៅសងខាងនៃច្រកសមុទ្រយ៉ាងប្រុងប្រយ័ត្ន ឬប្រហែលជាមិនអាចទទួលបានការធានារ៉ាប់រងសម្រាប់ការធ្វើដំណើរឡើយ។

លោក Jorge Leon ប្រធានក្រុមអ្នកវិភាគភូមិសាស្រ្តនយោបាយនៃក្រុមហ៊ុន ystad Energy បាននិយាយថា «ភាពប្រែប្រួលភ្លាមៗ និងជាក់ស្តែងបំផុត ដែលប៉ះពាល់ដល់ទីផ្សារប្រេង នោះគឺការបញ្ឈប់ចរាចរណ៍ ឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលអាចខ្ទប់ប្រេងឆៅ ១៥លានបារ៉ែលក្នុងមួយថ្ងៃ មិនឱ្យចូលទៅដល់ទីផ្សារ»។ លោកបន្ថែមថា «លុះត្រាតែសញ្ញានៃការបន្ធូរបន្ថយភាពតានតឹង លេចឡើងក្នុងពេលឆាប់ៗ ពុំនោះទេតម្លៃប្រេងនឹងកាន់តែហក់ឡើង»។ 

គួរបញ្ជាក់ថា ការកើនឡើង នៃ តម្លៃ ប្រេង ក្នុង រយៈពេល យូរ នឹងនាំ មកហានិភ័យ នៃ ការ កើតមាន អតិផរណា ទូទាំង ពិភពលោក ។ កាលថ្ងៃអាទិត្យកន្លងទៅនេះ OPEC+ បានយល់ព្រមលើការបង្កើនទិន្នផលប្រេង ២០៦ ០០០បារ៉ែលក្នុងមួយថ្ងៃសម្រាប់ខែមេសា ប៉ុន្តែប្រេងភាគច្រើននៅតែត្រូវដឹកជញ្ជូនតាមនាវាចេញពីមជ្ឈិមបូព៌ាដដែល៕

អត្ថបទដែលជាប់ទាក់ទង