ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូវ៉ែត បានបាញ់ទម្លាក់យន្តហោះចម្បាំង F-15 របស់សហរដ្ឋអាមេរិកចំនួន ៣គ្រឿង ក្នុងពេលមានការប្រយុទ្ធ

47

វ៉ាស៊ីនតោន៖នាថ្ងៃចន្ទ បញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានប្រកាសថា ប្រព័ន្ធការពារដែនអាកាសកូវ៉ែត បានបាញ់ទម្លាក់យន្តហោះចម្បាំង F-15 របស់សហរដ្ឋអាមេរិកចំនួន ៣គ្រឿង ដោយអចេតនា ក្នុងពេលកំពុងមានការប្រយុទ្ធសកម្ម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ហេតុការណ៍ដែលត្រូវបានអាមេរិកចាត់ទុកថាជា «ការវាយប្រហារច្រឡំគ្នាឯង» នេះ កើតឡើងក្នុងបរិបទនៃជម្លោះកំពុងតានតឹងខ្លាំងជាមួយអ៉ីរ៉ង់។ CENTCOM បានបញ្ជាក់ថា ក្នុងពេលដែលយន្តហោះចម្បាំង មីស៊ីលបាលិស្ទីក និងដ្រូនរបស់អ៉ីរ៉ង់កំពុងវាយលុក យន្តហោះ F-15 អាមេរិកត្រូវបានបាញ់ទម្លាក់ដោយកំហុសបច្ចេកទេសពីប្រព័ន្ធការពាររបស់កូវ៉ែត។ ទោះជាយ៉ាងណា អ្នកបើកបរយន្តហោះទាំង ៦រូប បានលោតឆ័ត្រយោងគេចខ្លួនដោយសុវត្ថិភាព និងត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។
គួរបញ្ជាក់ថា កូវ៉ែតបានទទួលស្គាល់កំហុសនេះ ហើយការស៊ើបអង្កេតកំពុងដំណើរការ ខណៈវីដេអូបានបង្ហាញពីទិដ្ឋភាពយន្តហោះចម្បាំងអាមេរិកធ្លាក់ និងមនុស្សលោតឆ័ត្រយោង នៅតំបន់ Al Jahra របស់កូវ៉ែត។ នេះគឺជាការបាត់បង់យន្តហោះអាមេរិកលើកដំបូងបំផុត ចាប់តាំងពីសង្គ្រាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងនឹងអ៉ីរ៉ង់ បានផ្ទុះឡើងកាលពីថ្ងៃសៅរ៍ ដែលសរបញ្ជាក់ឱ្យឃើញពីការរីករាលដាលនៃជម្លោះយ៉ាងឆាប់រហ័សនៅទូទាំងតំបន់ឈូងសមុទ្រ។ ស្របពេលជាមួយគ្នានេះ ការស្ទង់មតិបានបង្ហាញថា មានតែពលរដ្ឋអាមេរិក ១ភាគ៤ប៉ុណ្ណោះដែលគាំទ្រសង្គ្រាមនេះ ដោយសារបារម្ភពីសុវត្ថិភាពកងទ័ព ខណៈលោក ត្រាំ បានព្រមានពីលទ្ធភាពកើនឡើងនៃចំនួនទាហានស្លាប់ ក្នុងពេលដែលប្រតិបត្តិការនៅតែបន្ត៕

អត្ថបទដែលជាប់ទាក់ទង