នាយករដ្ឋមន្រ្តីអេស៉្បាញប្រកាសមិនចុះញ៉មការគំរាមរបស់លោកត្រាំនិងរិះគន់ថាលោកត្រាំកំពុងលេងល្បែងជាមួយអាយុជីវិតមនុស្សរាប់លាននាក់
ម៉ាឌ្រីដ៖នាថ្ងៃពុធនេះ នាយករដ្ឋមន្រ្តីអេស៉្បាញ លោក Pedro Sanchez បានប្រកាន់ជំហរជំទាស់យ៉ាងរឹងមាំរបស់លោក ចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលលើប្រទេសអ៉ីរ៉ង់ ដោយព្រមានថា ជម្លោះនេះកំពុងលេងល្បែងជាមួយ អាយុជីវិតមនុស្សរាប់លាននាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦។
លោក Sanchez បានលើកឡើងថា «នេះហើយគឺជារបៀបដែលគ្រោះមហន្តរាយធំរបស់មនុស្សជាតិចាប់ផ្តើម អ្នកមិនអាចលេងល្បែង ជាមួយជោគវាសនារបស់មនុស្សរាប់លាននាក់បានទេ»។ លោកនាយករដ្ឋមន្រ្តីអេស៉្បាញ បានបន្តថា គោលជំហររបស់រដ្ឋាភិបាលអេស៉្បាញមានភាពច្បាស់លាស់គឺ ឆ្លើយថាទេចំពោះសង្រ្គាម។ លោក Sanchez បានបន្ថែមថា «យើងនឹងមិនចូលពាក់ព័ន្ធក្នុងអ្វីមួយ ដែលជះផលអាក្រក់សម្រាប់ពិភពលោក ឬផ្ទុយពីគុណតម្លៃនិងប្រយោជន៍របស់យើង ដោយសារគ្រាន់តែខ្លាចការគំរាមកំហែង និងសងសឹកពីនរណាម្នាក់ឡើយ»។
លោក Sanchez បានលើកឡើងដូចខាងលើ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មទាំងអស់ ជាមួយទីក្រុងម៉ាឌ្រីដ ដោយសារគោលជំហរជុំវិញជម្លោះដែលកំពុងផ្ទុះឡើង នៅមជ្ឈិមបូព៌ា។
គួរបញ្ជាក់ថា ភាពតានតឹងរវាងសម្ព័ន្ធមិត្ត NATO ទាំងពីរ បានកើនឡើង បន្ទាប់ពីលោក Sanchez បានថ្កោលទោសប្រតិបត្តិការទម្លាក់គ្រាប់បែក របស់អាមេរិកនិងអ៉ីស្រាអែលនៅអ៉ីរ៉ង់ ថាជាទង្វើធ្វេសប្រហែសនិងខុសច្បាប់ ហើយថែមទាំងហាមមិនឱ្យយន្តហោះអាមេរិក ប្រើប្រាស់មូលដ្ឋានទ័ពរបស់អេស៉្បាញ ដើម្បីវាយប្រហារប្រឆាំងទីក្រុងតេហេរ៉ង់។ លោក Sanchez បានសង្កត់ធ្ងន់ថា ពិភពលោកមិនអាចដោះស្រាយបញ្ហា ដោយប្រើជម្លោះនិងគ្រាប់បែកនោះទេ៕
