អ៉ីរ៉ង់ថ្លែងថា៖គ្មានបំណងចរចានិងលែងទុកចិត្តអាមេរិកហើយអាចបន្តសង្រ្គាមដល់ពេលណាក៏បាន
តេហេរ៉ង់៖ស្របពេលសង្រ្គាមនៅមជ្ឈិមបូព៌ាបន្តដល់ថ្ងៃទី៥ លោក Mohammad Mokhber ដែលជាទីប្រឹក្សារបស់អតីតមេដឹកនាំកំពូលអ៉ីរ៉ង់ Ayatollah Ali Khamenei នាថ្ងៃពុធនេះ បានប្រាប់ស្ថានីយទូរទស្សន៍រដ្ឋថា ប្រទេសអ៉ីរ៉ង់មិនមានបំណងចរចាជាមួយអាមេរិកឡើយ ហើយអាចបន្តសង្រ្គាមដល់ពេលណាក៏បាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦។
លោក Mokhber បាននិយាយយ៉ាងដូច្នេះថា «អ៉ីរ៉ង់លែងមានការជឿទុកចិត្តលើអាមេរិកទៀតហើយហើយយើងគ្មានមូលដ្ឋានអ្វី ត្រូវចរចាជាមួយពួកគេទេ។ យើងអាចបន្តសង្រ្គាមនេះដល់ពេលណាក៏បានដែរ»។ នាថ្ងៃពុធនេះ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បានអះអាងថា ច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់មួយរបស់ពិភពលោក បានស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនទាំងស្រុង ប៉ុន្តែកាលពីថ្ងៃអង្គារ ខាងយោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានបាញ់ពន្លិចនាវាចម្បាំងទាំងអស់របស់កងទ័ពជើងទឹកអ៉ីរ៉ង់។
គួរបញ្ជាក់ថា សង្រ្គាមនៅមជ្ឈិមបូព៌ាបានផ្ទុះឡើង កាលពីចុងសប្តាហ៍មុន នៅពេលអ៉ីស្រាអែលនិងអាមេរិក រួមដៃគ្នាទម្លាក់គ្រាប់បែក លើអ៉ីរ៉ង់ ផ្តាច់ជីវិតក្រុមមន្រ្តីជាន់ខ្ពស់របស់អ៉ីរ៉ង់ រួមមានទាំងមេដឹកនាំកំពូល លោក Ayatollah Ali Khamenei។ វាកើតឡើងបន្ទាប់ពីអាមេរិកនិងអ៉ីរ៉ង់ បានចរចាគ្នា៣លើកកាលពីខែកុម្ភៈ ជុំវិញបញ្ហានុយក្លេអ៊ែររបស់អ៉ីរ៉ង់។អ៉ីរ៉ង់បានសងសឹកវិញ ដោយបាញ់ស្រោចមីស៉ីលនិងដ្រូនលើអ៉ីស្រាអែល ព្រមទាំងបណ្តាប្រទេសដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក នៅក្នុងតំបន់៕
