UN ថ្កោលទោសសង្គ្រាមនៅអ៉ីរ៉ង់ថាបំពានធម្មនុញ្ញអន្តរជាតិខណៈការទម្លាក់គ្រាប់បែកលើសាលារៀនជារឿង «គួរឱ្យរន្ធត់បំផុត»
ហ្សឺណែវ៖ក្រុមបេសកកម្មស្វែងរកការពិតឯករាជ្យរបស់អង្គការសហប្រជាជាតិ (UN) នាថ្ងៃ៤មីនានេះបានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អាមេរិក-អ៉ីស្រាអែល លើអ៉ីរ៉ង់ ដោយចាត់ទុកថាទង្វើទាំងនេះបានបំពានយ៉ាងធ្ងន់ធ្ងរទៅលើធម្មនុញ្ញរបស់ UN។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមរយៈសេចក្តីថ្លែងការណ៍ ក្រុមអ្នកស៊ើបអង្កេតបានសម្តែងការតក់ស្លុតយ៉ាងខ្លាំង ចំពោះការទម្លាក់គ្រាប់បែកចំសាលាបឋមសិក្សាកុមារី Shajareh Tayyebeh ក្នុងទីក្រុង Minab កាលពីថ្ងៃសៅរ៍ ដែលបណ្តាលឱ្យសិស្សស្រីអាយុពី ៧ ទៅ ១២ឆ្នាំជាច្រើននាក់ស្លាប់។ ស្របពេលជាមួយគ្នានេះ ក្រុមអ្នកជំនាញដាច់ដោយឡែកមួយទៀតរបស់ UN ក៏បានបញ្ជាក់ដែរថា កុមារជាង ១៦០នាក់ហើយ ដែលត្រូវបានសម្លាប់នៅក្នុងជម្លោះនេះ។
គួរបញ្ជាក់ថា របាយការណ៍បានសង្កត់ធ្ងន់ថា ប្រជាជនអ៉ីរ៉ង់កំពុងរងទុក្ខវេទនាដោយជាប់គៀបរវាងភ្លើងសង្គ្រាម និងការរំលោភសិទ្ធិមនុស្សពីរដ្ឋាភិបាលក្នុងស្រុក។ ទន្ទឹមគ្នានេះ ស្ថាប័ន UN មួយនេះបានព្រមានចំៗថា ការប្រើប្រាស់កម្លាំងយោធាសម្លាប់មន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់ រួមទាំងមេដឹកនាំកំពូល លោក អាលី ខាមេណី គឺមិនមែនជាមធ្យោបាយដែលអាចទទួលយកបាន ក្នុងការស្វែងរកយុត្តិធម៌ក្រោមច្បាប់អន្តរជាតិឡើយ៕
