ប្រធានាធិបតីអាមេរិកលោកត្រាំ៖មិនត្រូវការឱ្យអង់គ្លេសជួយដើម្បីឈ្នះសង្រ្គាមជាមួយអ៉ីរ៉ង់ឡើយ
វ៉ាស៉ីនតោន៖នាថ្ងៃសៅរ៍ ទី៧ ខែមីនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ចក្រភពអង់គ្លេសចង់បញ្ជូន នាវាផ្ទុកយន្តហោះចម្បាំងរបស់ខ្លួន២គ្រឿង ទៅមជ្ឈិមបូព៌ា ប៉ុន្តែលោកបានបន្ថែមថា សហរដ្ឋអាមេរិកមិនត្រូវការនោះទេ ដើម្បីឈ្នះសង្រ្គាមជាមួយអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
វាគឺជាសញ្ញាថ្មីមួយទៀតបង្ហាញពីភាពប្រេះឆារវាងសម្ព័ន្ធមិត្តយោធាទាំងពីរ។ លោកប្រធានាធិបតីអាមេរិក បានរិះគន់ម្តងហើយម្តងទៀត លើនាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer ចាប់តាំងពីទីក្រុងឡុងដ៍ដំបូងឡើយ បានរារាំងមិនឱ្យអាមេរិកប្រើមូលដ្ឋានយោធា របស់អង់គ្លេស ដើម្បីវាយប្រហារលើអ៉ីរ៉ង់។
ក្នុងសារបង្ហោះលើបណ្តាញសង្គម Truth Social លោក ត្រាំ បាននិយាយថា រូបលោកនឹងចងចាំទុកការខ្វះការគាំទ្រពីអង់គ្លេស អំឡុងជម្លោះជាមួយអ៉ីរ៉ង់។ លោក ត្រាំ បានបន្តថា អាមេរិកមិនត្រូវការនាវាផ្ទុកយន្តហោះចម្បាំងរបស់អង់គ្លេសទៀតទេ និង ក៏មិនត្រូវការឱ្យនរណាមកចូលរួមក្នុងសង្រ្គាម ដែលអាមេរិកទទួលជ័យជម្នះរួចហើយនោះដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ ក្រសួងការពារជាតិចក្រភពអង់គ្លេស បាននិយាយថា ខ្លួនកំពុងត្រៀមរៀបចំសម្រាប់លទ្ធភាពបញ្ជូន នាវាផ្ទុកយន្តហោះចម្បាំងទៅកាន់មជ្ឈិមបូព៌ា ប៉ុន្តែការសម្រេចចិត្តចុងក្រោយ មិនទាន់ធ្វើឡើងនៅឡើយទេ។ លោក Starmer បានការពារការសម្រេចចិត្តរបស់លោក ដែលមិនអនុញ្ញាតឱ្យយោធាអាមេរិក ប្រើប្រាស់មូលដ្ឋានអង់គ្លេស ដើម្បីគាំទ្រការវាយប្រហារ ដំបូងលើអ៉ីរ៉ង់។ ក្រោយមក លោកបានបើកឱ្យយោធាអាមេរិកប្រើប្រាស់ សម្រាប់អ្វីដែលលោកហៅថា ការវាយប្រហារការពារប្រឆាំង មីស៉ីលរបស់អ៉ីរ៉ង់៕
