ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ៉ីរ៉ង់តែងតាំងលោក Mojtaba Khamenei ជាមេដឹកនាំកំពូលថ្មីសញ្ញាបង្ហាញពីការបន្តសង្គ្រាមមិនឈប់ឈរ

16

តេហេរ៉ង់៖នាថ្ងៃចន្ទនេះ ប្រទេសអ៉ីរ៉ង់បានប្រកាសតែងតាំងលោក Mojtaba Khamenei ជាមេដឹកនាំកំពូលថ្មី ដើម្បីស្នងតំណែងពីឪពុកលោក គឺលោក អាលី ខាមេណី ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាស។ ការសម្រេចចិត្តនេះ បញ្ជាក់យ៉ាងច្បាស់ថា ក្រុមអ្នកកាន់ជំហររឹងត្អឹងនៅតែបន្តក្តោបក្តាប់អំណាចយ៉ាងណែន ដែលហាក់ដូចជាបិទផ្លូវទាំងស្រុង ក្នុងការបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ាដោយឆាប់រហ័ស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ 

លោក Mojtaba Khamenei វ័យ ៥៦ឆ្នាំ ដែលជាបព្វជិតសាសនា និងមានមូលដ្ឋានគ្រឹះអំណាចក្នុងកងកម្លាំងសន្តិសុខ ព្រមទាំងអាណាចក្រអាជីវកម្មដ៏ធំធេងនោះ ត្រូវបានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសថា «មិនអាចទទួលយកបាន» ហើយលោក ត្រាំ ក៏នៅតែបន្តទាមទារឱ្យអ៉ីរ៉ង់ «ចុះចាញ់ដោយគ្មានលក្ខខណ្ឌ» ដដែល។ ដំណឹងនៃការស្នងតំណែងនេះ បានធ្វើឱ្យទីផ្សារភាគហ៊ុនសកលធ្លាក់ចុះយ៉ាងគំហុក ខណៈតម្លៃប្រេងឆៅហក់ឡើងថ្លៃខ្លាំង ដោយសារតែការភ័យខ្លាចថា ការរំខានដល់ការផ្គត់ផ្គង់ថាមពលពិភពលោក អាចនឹងអូសបន្លាយពេលយូរជាងការរំពឹងទុក។

គួរបញ្ជាក់ថា ទោះបីជាមានការវាយប្រហារតាមអាកាសឥតឈប់ឈរពីសំណាក់យោធាអាមេរិក-អ៉ីស្រាអែល ក៏ដោយ ក៏ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ បានបង្ហាញរូបភាពហ្វូងមនុស្សយ៉ាងច្រើនកុះករនៅតាមទីក្រុងនានា ដើម្បីសម្តែងការគាំទ្រដល់មេដឹកនាំថ្មី។ នៅទីក្រុង Isfahan គេឃើញមានការជួបជុំគ្នានៅទីលាន Imam Square ក្រោមសំឡេងផ្ទុះពីការវាយប្រហារតាមអាកាសនៅក្បែរនោះ ខណៈអ្នកគាំទ្របានស្រែកបួងសួងយ៉ាងខ្លាំងក្លាថា «មានតែការស្លាប់ ឬការគោរពតាមមេដឹកនាំ ខាមេណី ប៉ុណ្ណោះ ដែលឈានទៅកាន់ឋានសួគ៌»

អត្ថបទដែលជាប់ទាក់ទង