ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ៉ីរ៉ង់ទាត់ចោលលទ្ធភាពចរចាជាមួយអាមេរិកនិងប្តេជ្ញាបន្តការប្រយុទ្ធបន្ទាប់ពីប្រធានាធិបតីអាមេរិកអះអាងថាសង្រ្គាមនឹងបញ្ចប់ទៅវិញឆាប់ៗ

11

តេហេរ៉ង់៖នាថ្ងៃទី១០ ខែមីនា រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ បាននិយាយថា ប្រទេសរបស់លោក បានត្រៀមលក្ខណៈដើម្បីបន្តការប្រយុទ្ធដរាបណាវានៅតែចាំបាច់ ហើយបានច្រានចោលលទ្ធភាពចរចាគ្នា បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា សង្រ្គាមជាមួយអ៉ីរ៉ង់នឹងចប់ទៅវិញ ក្នុងពេលឆាប់ៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

រដ្ឋមន្រ្តីការបរទេសនៃប្រទេសអ៉ីរ៉ង់ លោក Abbas Araghchi បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក PBS News ថា អ៉ីរ៉ង់បានត្រៀមលក្ខណៈ ដើម្បីបន្តការវាយប្រហារមីស៉ីល ហើយការចរចាជាមួយសហរដ្ឋអាមេរិក គឺលែងស្ថិតក្រោមរបៀបវារៈទៀតហើយ។ 

កាលពីថ្ងៃទី៩មីនាលោក ត្រាំ បានព្យាករថាសង្រ្គាមនឹងបិទបញ្ចប់ក្នុងពេលឆាប់ៗ ប៉ុន្តែបានគំរាមបង្កើនការធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់ ប្រសិនបើតេហេរ៉ង់ បិទខ្ទប់ការដឹកជញ្ជូនប្រេងចេញពីតំបន់មជ្ឈិមបូព៌ា។ សង្រ្គាមរវាងអាមេរិកនិងអ៉ីស្រាអែល ជាមួយអ៉ីរ៉ង់នាពេលនេះ បានឈានចូលសប្តាហ៍ទី២ហើយ។

គួរបញ្ជាក់ថា អ៉ីរ៉ង់បានរងការវាយប្រហារទាំង២លើក អំឡុងពេលចរចាគ្នាជាមួយអាមេរិក។ អំឡុងការចរចាបញ្ហានុយក្លេអ៊ែរ កាលពីខែមិថុនា ឆ្នាំ២០២៥ អ៉ីស្រាអែលស្រាប់តែបានបើកការវាយប្រហារលើអ៉ីរ៉ង់ ជាហេតុនាំឱ្យការចរចាពេលនោះដួលរលំ និងបង្កជាសង្រ្គាមផ្លូវអាកាសរយៈពេល ១២ថ្ងៃ។ សង្រ្គាមលើកនេះ បានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ពេលទីក្រុងតេហេរ៉ង់ កំពុងព្យាយាមចរចាសាជាថ្មី ជាមួយទីក្រុងវ៉ាស៉ីនតោន៕

អត្ថបទដែលជាប់ទាក់ទង