ស្នើសហភាពអឺរ៉ុបផ្អាកការដាក់ទណ្ឌកម្មលើថាមពលរបស់រុស្ស៉ី
ប៊ុយដាប៉ែស៖កាលពីថ្ងៃចន្ទសប្តាហ៍នេះ នាយករដ្ឋមន្រ្តីហុងគ្រី លោក Viktor Orban បានជំរុញឱ្យសហភាពអឺរ៉ុប (EU) ផ្អាកការដាក់ទណ្ឌកម្មលើប្រេង និងឧស្ម័នរុស្ស៉ី ដើម្បីដោះស្រាយបញ្ហាតម្លៃខ្ពស់ ដោយសារតែសង្រ្គាមនៅមជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ ២០២៦។
ទោះជាតម្លៃប្រេងបានធ្លាក់ចុះមកនៅក្រោម ៩០ដុល្លារក្នុងមួយបារ៉ែលវិញ ក្រោយប្រធានាធិបតី ដូណាល់ ត្រាំ និយាយថាសង្រ្គាមអ៉ីរ៉ងអាចបិទបញ្ចប់ឆាប់ៗក៏ដោយ តែតួលេខនេះគឺនៅតែខ្ពស់ បើធៀបនឹងមុនពេលមានសង្រ្គាម។ លោក Orban គូសបញ្ជាក់ថា «យើងត្រូវតែពិនិត្យឡើងវិញ និងផ្អាករាល់ការដាក់ទណ្ឌកម្មលើថាមពលរុស្ស៉ី នៅទូទាំងតំបន់អឺរ៉ុប។ ខ្ញុំបានផ្តួចផ្តើមគំនិតនេះ នៅក្នុងលិខិតមួយទៅកាន់ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen»។
គួរបញ្ជាក់ថា ឆ្លើយតបនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៉ីស្រាអែល អ៉ីរ៉ង់បានសងសឹកលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសឈូងសមុទ្រដែលជាអ្នកផលិតប្រេងឆៅ និងនាវាដឹកប្រេងតាមច្រកសមុទ្រ Hormuz ដែលបានបង្កើនតម្លៃប្រេងជាបន្តបន្ទាប់៕
