ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនិងអាមេរិក,បង្ខំឱ្យអ៉ីរ៉ង់ត្រូវតែឆ្លើយតបវាយប្រហារវិញយ៉ាងខ្លាំងក្លាលើ«មជ្ឈមណ្ឌលសេដ្ឋកិច្ចនិងធនាគារ» របស់អាមេរិក-អ៉ីស្រាអែលក្នុងតំបន់

12

តេហេរ៉ង់នាថ្ងៃ១១មិនានេះមេបញ្ជាការយោធាអ៉ីរ៉ង់បានប្រកាសព្រមានថា ទីក្រុងតេហេរ៉ង់នឹងកំណត់យកធនាគារ និងមជ្ឈមណ្ឌលសេដ្ឋកិច្ចនានា ដែលមានការពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក និងអ៉ីស្រាអែល ធ្វើជាគោលដៅវាយប្រហារសងសឹកជាបន្តបន្ទាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ការព្រមាននេះធ្វើឡើងក្រោយពីអគាររដ្ឋបាលមួយ ដែលមានទំនាក់ទំនងជាមួយធនាគារ Bank Sepah របស់អ៉ីរ៉ង់ ត្រូវបានវាយប្រហារដោយការទម្លាក់គ្រាប់បែកកាលពីយប់មិញ។ លោក Ebrahim Zolfaqari អ្នកនាំពាក្យនៃទីបញ្ជាការយោធា Khatam al-Anbiya បានថ្កោលទោសការវាយប្រហារនេះថា ជាសកម្មភាពខុសច្បាប់ និងមិនធម្មតា ដែលបង្ខំឱ្យអ៉ីរ៉ង់ត្រូវតែឆ្លើយតបវិញយ៉ាងខ្លាំងក្លា។ លោកបានសង្កត់ធ្ងន់ថា «សកម្មភាពរបស់សត្រូវ កំពុងបង្ខំឱ្យយើងត្រូវតែវាយប្រហារចំមជ្ឈមណ្ឌលសេដ្ឋកិច្ច និងធនាគារនានា ដែលមានទំនាក់ទំនងជាមួយអាមេរិក និងរបបស៉ីយ៉ូនីស្ត (អ៉ីស្រាអែល) នៅទូទាំងតំបន់»។

គួរបញ្ជាក់ថា លោក Zolfaqari បានចេញសេចក្តីព្រមានដល់ប្រជាជនទូទាំងតំបន់មជ្ឈិមបូព៌ា ឱ្យរក្សាគម្លាតសុវត្ថិភាពយ៉ាងហោចណាស់ ១,០០០ម៉ែត្រ ចេញពីធនាគារនានា ដើម្បីគេចផុតពីគ្រោះថ្នាក់។ ការប្រកាសនេះ បង្ហាញពីការបើកឆាកសង្គ្រាមសេដ្ឋកិច្ចដ៏គ្រោះថ្នាក់មួយទៀត ស្របពេលដែលជម្លោះយោធាផ្ទាល់នៅលើសមរភូមិ កំពុងតែឈានដល់កម្រិតដ៏តានតឹងបំផុត៕

អត្ថបទដែលជាប់ទាក់ទង