អ៉ីរ៉ង់ប្រាប់ពិភពលោកឱ្យត្រៀមខ្លួនទទួលយកតម្លៃប្រេង២០០ដុល្លារក្នុងមួយបារ៉ែលដោយសារតម្លៃប្រេងសកលគឺអាស្រ័យលើសន្តិសុខក្នុងតំបន់
តេហេរ៉ង់៖នាថ្ងៃ១១មីនានេះ មេបញ្ជាការយោធាអ៉ីរ៉ង់ បានប្រកាសព្រមានពិភពលោកឱ្យត្រៀមខ្លួនជាស្រេច ចំពោះការហក់ឡើងនៃថ្លៃប្រេងរហូតដល់ ២០០ដុល្លារក្នុងមួយបារ៉ែល ខណៈដែលនាវាចំនួន ៣គ្រឿងទៀត បានរងការវាយប្រហារនៅក្នុងតំបន់ឈូងសមុទ្រដែលកំពុងស្ថិតក្រោមការបិទខ្ទប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ទោះបីជាសហរដ្ឋអាមេរិកបានអះអាងពីប្រតិបត្តិការវាយប្រហារដ៏សន្ធឹកសន្ធាប់បំផុតលើអ៉ីរ៉ង់ក៏ដោយ ប៉ុន្តែទីក្រុងតេហេរ៉ង់នៅតែអាចបន្តការវាយប្រហារតបតវិញ និងរំខានដល់ការផ្គត់ផ្គង់ថាមពលពិភពលោក។ លោក Ebrahim Zolfaqari អ្នកនាំពាក្យបញ្ជាការដ្ឋានយោធាអ៉ីរ៉ង់ បានថ្លែងទៅកាន់សហរដ្ឋអាមេរិកយ៉ាងដូច្នេះថា «ចូរត្រៀមខ្លួនទទួលយកតម្លៃប្រេង ២០០ដុល្លារក្នុងមួយបារ៉ែលចុះ ព្រោះតម្លៃប្រេងគឺអាស្រ័យលើសន្តិសុខក្នុងតំបន់ ដែលពួកអ្នកជាអ្នកបំផ្លាញវា»។ មិនត្រឹមតែប៉ុណ្ណោះ លោកបានព្រមានឱ្យប្រជាជននៅទូទាំងមជ្ឈិមបូព៌ា រក្សាគម្លាតយ៉ាងតិច ១,០០០ម៉ែត្រពីធនាគារនានា ដោយអ៉ីរ៉ង់នឹងកំណត់យកធនាគារដែលធ្វើជំនួញជាមួយអាមេរិក ឬអ៉ីស្រាអែល ជាគោលដៅវាយប្រហារបន្ទាប់។
គួរបញ្ជាក់ថា ការបិទផ្លូវច្រកសមុទ្រហ័រមូស (Hormuz) ដែលជាផ្លូវដឹកជញ្ជូនប្រេង ១/៥ នៃតម្រូវការពិភពលោក បានបង្កជាវិបត្តិថាមពលធ្ងន់ធ្ងរបំផុតចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០មក។ ខណៈដែលទីផ្សារភាគហ៊ុនសកលចាប់ផ្តើមងើបឡើងវិញដោយសារការរំពឹងទុកថា លោក ដូណាល់ ត្រាំ នឹងអាចបញ្ឈប់សង្គ្រាមនេះបានឆាប់រហ័ស ប៉ុន្តែតាមការពិត ទាំងមន្ត្រីអ៉ីស្រាអែល និងអាមេរិក បានទទួលស្គាល់ដោយផ្ទាល់ថា មិនទាន់មានសញ្ញាណាមួយដែលបង្ហាញថា សង្គ្រាមនេះនឹងបញ្ចប់នៅពេលណានោះទេ។ លោក Ebrahim Zolfaqari បានសង្កត់ធ្ងន់ថា ភាពវឹកវរនៃថ្លៃប្រេងនេះ គឺជាផលវិបាកដោយផ្ទាល់ពីការបង្កជម្លោះរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងតំបន់៕
