ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហរដ្ឋអាមេរិកចំណាយលុយអស់១១.៣ពាន់លានដុល្លារក្នុង៦ថ្ងៃដំបូងនៃសង្រ្គាមជាមួយអ៉ីរ៉ង់

23

វ៉ាស៊ីនតោនក្រុមមន្ត្រីមកពីរដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានវាយតម្លៃអំឡុងការជូនដំណឹងត្រួសៗទៅកាន់សភាអាមេរិកក្នុងសប្ដាហ៍នេះថារយៈពេល ៦ថ្ងៃដំបូងនៃសង្រ្គាមប្រឆាំងអ៉ីរ៉ង់ សហរដ្ឋអាមេរិកបានចំណាយលុយអស់យ៉ាងហោច ១១.៣ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ 

តួលេខខាងលើដែលត្រូវបានបង្ហើបឱ្យដឹងអំឡុងជំនួបបិទទ្វារមួយរបស់ក្រុមសមាជិកព្រឹទ្ធសភាអាមេរិកកាលពីថ្ងៃអង្គារសប្ដាហ៍នេះ មិនបានរាប់បញ្ចូលការចំណាយទាំងស្រុង លើសង្រ្គាមនោះទេ ប៉ុន្តែត្រូវបានផ្ដល់ឱ្យនូវការវាយតម្លៃពីការចំណាយមួយផ្នែក ដោយសារតែមានការទាមទារពីអ្នកតំណាងរាស្ត្រអាមេរិក។ បន្ថែមពីលើនេះ ក្រុមមន្ត្រីនៃ សភាអាមេរិកជាច្រើននាក់បាននិយាយថាពួកគេរំពឹងថាសេតវិមាននឹងដាក់សំណើទៅកាន់សភាអាមេរិកឆាប់ៗដើម្បីស្នើសុំកញ្ចប់ថវិកាបន្ថែមសម្រាប់ធ្វើសង្រ្គាម ដោយក្នុងនោះ មន្ត្រីខ្លះអះអាងថាសេតវិមានអាចនឹងស្នើសុំកញ្ចប់ថវិកា ៥០ពាន់លានដុល្លារ ខណៈខ្លះទៀតថាអាចនឹងតិចជាងនេះ។

គួរបញ្ជាក់ថា ការវាយតម្លៃថាសហរដ្ឋអាមេរិកចាយលុយ ១១.៣ពាន់លានដុល្លារសម្រាប់ ៦ថ្ងៃដំបូងនៃសង្រ្គាមត្រូវបានរាយការណ៍មុនគេកាលពីថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២៦ ដោយកាសែតអាមេរិក New York Times។ ក្រុមមន្ត្រីរដ្ឋបាលលោក ត្រាំ ក៏បានប្រាប់សមាជិកសភាអាមេរិកដែរថាសព្វាវុធក្នុងទំហំទឹកប្រាក់ ៥.៦ពាន់លានដុល្លារត្រូវបានប្រើប្រាស់អំឡុង២ថ្ងៃដំបូងនៃសង្រ្គាមដែលបានផ្ទុះឡើង ក្រោយសហរដ្ឋអាមេរិក និងអ៉ីស្រាអែលវាយប្រហារលើអ៉ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ៕

អត្ថបទដែលជាប់ទាក់ទង