លោកជំទាវបណ្ឌិត៖សម្រាប់ម្តាយម្នាក់ សន្តិភាពគឺនៅពេលដែលម្តាយឱបកូនដោយគ្មានការភ័យខ្លាច គ្មានការរត់ចាកចេញពីលំនៅឋាន ព្រោះថាមានតែលំនៅឋាននេះហើយដែលជាទីសុខសាន្តសម្រាប់យើងទាំងអស់គ្នា
ភ្នំពេញ៖លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាពក្នុងព្រឹត្តិការណ៍ដើរ “ដើម្បីសន្តិភាពយូរអង្វែង សម្រាប់យើងទាំងអស់គ្នា” ក្នុងយុទ្ធនាការអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ដែលពិធីដើរចាប់ផ្តើមពីមុខវត្តបទុមវតី ឆ្ពោះទៅ វត្តភ្នំ ក្នុងខណ្ឌដូនពេញរាជធានីភ្នំពេញ ដោយមានពីលោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួង វប្បធម៌ និងវិចិត្យសិល្បៈ និងឯកឧត្តម ឃួងស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវព្រមទាំងអ្នកចូលរួមប្រមាណ ១៧០០នាក់ ។
ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍ដើរ ដើម្បីសន្តិភាពយូរអង្វែងនេះ លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថា សម្រាប់ម្តាយម្នាក់ សន្តិភាពគឺនៅពេលដែលម្តាយឱបកូនដោយគ្មានការភ័យខ្លាច គ្មានការរត់ចាកចេញពីលំនៅឋាន ព្រោះថាមានតែលំនៅឋាននេះហើយដែលជាទីសុខសាន្តសម្រាប់យើងទាំងអស់គ្នា។ សម្រាប់ក្មេងស្រីម្នាក់វិញ សន្តិភាពគឺជាការជឿជាក់ក្នុងការអភិវឌ្ឍខ្លួន ការចូលរួមដោយគ្មានការរើសអើង ហើយជាការទទួលបាននូវការផ្តល់កតិ្តយសប្រកបដោយក្តីសង្ឃឹម។ សម្រាប់គ្រួសារ សន្តិសុខគឺជាបរិយាកាសប្រកបដោយភាពសុខុដុមរមនា ការជួយគាំទ្រគ្នាទៅវិញទៅមក និងជាស្ថេរភាពភាពដែលអនុញ្ញាតឱ្យកូនៗរីកលូតលាស់ទៅជាពលរដ្ឋល្អសម្រាប់សង្គមជាតិ។
សូមបញ្ជាក់ផងដែរថា កម្ពុជា ជាប្រទេសមាតាធិបតេយ្យ ដែលឱ្យតម្លៃស្ត្រីជាធំ និងបានចូលរួមអបអរសាទរទិវាអន្តរជាតិនារី ចាប់តាំងពីឆ្នាំ១៩៧៧ ក្នុងគោលបំណងគោរពដល់ការតស៊ូរបស់ស្ត្រីក្នុងការទាមទារសិទ្ធិ សេរីភាព និងសមភាព។ ជាលទ្ធផលគួរជាទីមោទកៈ ក្នុងទិដ្ឋភាពតំបន់និងសាកល កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១៣ ក្នុងចំណោម ១១៨ប្រទេស និងលេខ ២ ក្នុងតំបន់អាស៊ាន ក្នុងនាមជាប្រទេសដែលបានបញ្ជូនកងរក្សាសន្តិភាពស្ត្រី។ បន្ថែមពីលើនេះ កម្ពុជាបានក្លាយជាអ្នកនាំមុខក្នុងតំបន់ ក្នុងការលើកកម្ពស់អនុវត្តរបៀបវារៈ «ស្ត្រី សន្តិភាព និងសន្តិសុខ» ។
ក្នុងឱកាសនោះលោកជំទាវបណ្ឌិត បានសម្ដែងនូវការអបអរសាទរនិងក្តីគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតចំពោះស្ត្រីកម្ពុជាគ្រប់រូប និងសូមអំណរគុណចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួង-ស្ថាប័ន អង្គការដៃគូ វិស័យឯកជន យុវជន យុវនារី និងបងប្អូនប្រជាពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋាន ដែលបានជួបជុំគ្នានៅទីនេះ ដោយរួមគ្នាបង្ហាញនូវបេះដូងតែមួយ គឺបេះដូងស្រឡាញ់សន្តិភាព ។
លោកជំទាវបណ្ឌិតបន្តថា ទិវាអន្តរជាតិនារី៨មីនា គឺជាឱកាសដ៏មានអត្ថន័យសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់ ក្នុងការរំឭកដល់ការតស៊ូដ៏យូរអង្វែងវែងឆ្ងាយរបស់ស្ត្រី ដើម្បីសិទ្ធិ សេរីភាព សេចក្ដីថ្លៃថ្នូរ និងឱកាសស្មើគ្នា ។ ទិវានេះគឺជាឱកាសបង្ហាញឱ្យឃើញច្បាស់ថា ស្ដ្រីមិនមែនគ្រាន់តែជាកម្លាំងសម្រាប់គ្រួសារប៉ុណ្ណោះទេ ប៉ុន្តែជាកម្លាំងដ៏សំខាន់សម្រាប់សង្គមជាតិទាំងមូល ។ ឆ្នាំនេះ ប្រទេសកម្ពុជាបានជ្រើសរើស ប្រធានបទ «សន្តិភាពនិងសន្តិសុខសម្រាប់ស្ត្រីនិងគ្រួសារ» ។ប្រធានបទនេះគឺមានអត្ថន័យជ្រាលជ្រៅបំផុត ព្រោះជាការរំលឹកឱ្យប្រជាពលរដ្ឋ យល់ច្បាស់ថា សន្តិភាពមិនមែនមានន័យត្រឹមតែពាក្យថា គ្មានសង្គ្រាម ឬគ្មានស្នូរគ្រាប់កាំភ្លើងប៉ុណ្ណោះទេ ប៉ុន្តែសន្តិភាពគឺជាសុវត្ថិភាពនៅក្នុងជីវិតប្រចាំថ្ងៃ ជាការរស់នៅដែលគ្មានការភ័យខ្លាច សិទ្ធសេរីភាព សេចក្ដីថ្លៃថ្នូរ ការគោរពនិងជាឱកាសស្មើភាពសម្រាប់ស្ត្រី កុមារីនិងគ្រួសារទាំងអស់។
លោកជំទាវបណ្ឌិតបានលើកឡើងទៀតថា នៅពេលដែលមានភាពតានតឹងជម្លោះព្រំដែនដែលបង្កឡើងដោយយោធាថៃមកលើបូរណភាពទឹកដីកម្ពុជាទំាង២លើកមកនេះ បានបង្កឱ្យពលរដ្ឋរងទុក្ខវេទនា ពិសេសស្រ្តី កុមារ មនុស្សចាស់។ ក្នុងនោះមានម្តាយជាច្រើនដែលត្រូវ ភៀសសឹកទៅរកកន្លែងសុវត្ថិភាព មានកូនៗជាច្រើនដែលត្រូវឈប់រៀនបណ្តោះអាសន្ន ហើយក៏មាន គ្រួសារជាច្រើនរស់នៅដោយភាពព្រួយបារម្ភ។ នៅចំពោះមុខបែបនេះ ទើបឱ្យយើង យល់ថា សន្តិភាពមានតម្លៃយ៉ាងធំធេងសម្រាប់មនុស្ស៕
