មេដឹកនាំកំពូលអ៉ីរ៉ង់ថ្មី Mojtaba Khamenei ប្រកាសថាច្រកសមុទ្រ Hormuz ត្រូវតែបន្តបិទខ្ទប់
តេហេរ៉ង់៖នាថ្ងៃទី១២មីនានេះមេដឹកនាំកំពូលអ៉ីរ៉ង់ដែលទើបតែងតាំងថ្មី លោក Mojtaba Khamenei បានប្រកាសថា ច្រកសមុទ្រហ័រមូស (Hormuz) ត្រូវតែបន្តបិទខ្ទប់ ដើម្បីប្រើប្រាស់ជាឧបករណ៍សម្ពាធប្រឆាំងនឹងគូប្រជែង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
តាមរយៈសារដែលអានដោយអ្នកផ្សាយព័ត៌មានទូរទស្សន៍រដ្ឋ ដែលជាសារដំបូងបំផុតរបស់លោកចាប់តាំងពីឡើងស្នងតំណែងពីឪពុកដែលត្រូវបានគេសម្លាប់មក លោក Mojtaba បានព្រមានដាច់អហង្ការថា រាល់មូលដ្ឋានទ័ពសហរដ្ឋអាមេរិកទាំងអស់នៅក្នុងតំបន់ ត្រូវតែបិទទ្វារជាបន្ទាន់ បើមិនដូច្នេះទេ ពួកវានឹងក្លាយជាគោលដៅវាយប្រហាររបស់អ៉ីរ៉ង់។
គួរបញ្ជាក់ថា ការចេញមុខព្រមានរបស់មេដឹកនាំកំពូលថ្មីរូបនេះ គឺជាសញ្ញាណបង្ហាញថា អ៉ីរ៉ង់នៅតែរក្សាជំហររឹងត្អឹងដដែល ទោះបីជាមានប្រតិបត្តិការយោធាដ៏សន្ធឹកសន្ធាប់ពីសំណាក់អាមេរិក និងអ៉ីស្រាអែលក៏ដោយ ហើយវាក៏បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់របបតេហេរ៉ង់ ក្នុងការប្រើប្រាស់យុទ្ធសាស្ត្រកាត់ផ្តាច់ផ្លូវដឹកជញ្ជូនថាមពល ដើម្បីឆ្លើយតបទៅនឹងសម្ពាធយោធាពីសំណាក់បស្ចិមលោក៕
