ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យន្ដហោះចាក់សាំងអាមេរិកមួយគ្រឿងធ្លាក់នៅភាគខាងលិចប្រទេសអ៉ីរ៉ាក់

26

វ៉ាស៊ីនតោន៖យោធាអាមេរិកបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២៦ ថាយន្ដហោះចាក់សាំងមួយគ្រឿងរបស់សហរដ្ឋអាមេរិកធុន KC-135 បានធ្លាក់នៅឯភាគខាងលិច នៃប្រទេសអ៉ីរ៉ាក់ ខណៈយន្ដហោះមួយគ្រឿងទៀតដែលជួបបញ្ហាដែរនោះបានចុះចតដោយសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។  

ទីបញ្ជាការកណ្ដាលសហរដ្ឋអាមេរិកដែលទទួលបន្ទុកលើកងកម្លាំងអាមេរិកក្នុងតំបន់មជ្ឈិមបូព៌ា បានគូសបញ្ជាក់ថា «មានយន្ដហោះមួយគ្រឿងបានធ្លាក់នៅឯភាគខាងលិចអ៉ីរ៉ាក់ ហើយយន្ដហោះទី២បានចុះចតដោយសុវត្ថិភាព»។ ទីបញ្ជាការកណ្ដាលសហរដ្ឋអាមេរិក ហៅកាត់ថា CENTCOM បានបន្ថែមទៀតថាការធ្លាក់នេះមិនមែនដោយសារការបាញ់ទម្លាក់ពីសត្រូវ ឬក៏បាញ់ច្រឡំគ្នាឯងនោះទេ។ 

ក៏ប៉ុន្តែ យោធាអ៉ីរ៉ង់បានអះអាងក្នុងសេចក្ដីថ្លែងការណ៍តាមកញ្ចក់ទូរទស្សន៍រដ្ឋថាសម្ព័ន្ធមិត្តមួយរបស់ខ្លួននៅក្នុងប្រទេសអ៉ីរ៉ាក់ បានបាញ់ទម្លាក់យន្ដហោះយោធាអាមេរិកជាមួយមីស៊ីលមួយគ្រាប់ ដោយសម្លាប់អ្នកនៅលើយន្ដហោះនោះទាំងអស់។ 

គួរបញ្ជាក់ថា KC-135 គឺជាយន្ដហោះយោធាអាមេរិកទី៤ហើយដែលបានធ្លាក់អំឡុងសង្រ្គាមជាមួយអ៉ីរ៉ង់ដែលផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈមក បន្ទាប់ពីយន្ដហោះចម្បាំង F-15 ៣គ្រឿង ត្រូវបានបាញ់ទម្លាក់ដោយការបាញ់ច្រឡំត្រូវគ្នាឯងនៅក្នុងប្រទេសកូវ៉ែត។ យោធាអាមេរិកកំពុងបើកប្រតិបត្តិការស្វែងរក និងជួយសង្រ្គោះ ក្រោយការធ្លាក់យន្ដហោះនេះ៕

អត្ថបទដែលជាប់ទាក់ទង