អ៉ីរ៉ង់ប្រើប្រាស់ «ថាមពល» ជាអាវុធយុទ្ធសាស្ត្រដើម្បីទប់ទល់នឹងកម្លាំងយោធាអាមេរិក-អ៉ីស្រាអែល
តេហេរ៉ង់៖ប្រភពពីតំបន់ចំនួន៣ បានឱ្យដឹងថា មុនពេលដែលអាមេរិក និងអ៉ីស្រាអែល បើកការវាយប្រហារលើខ្លួន អ៉ីរ៉ង់បានរៀបចំផែនការយុទ្ធសាស្ត្ររួចជាស្រេច គឺការយកផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតរបស់ពិភពលោកធ្វើជា «ចំណាប់ខ្មាំង» ដើម្បីទប់ទល់នឹងឧត្តមភាពយោធារបស់សត្រូវ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់សារព័ត៌មាន Reuters។
ច្រកសមុទ្រហ័រមូស (Hormuz) ដែលជាសរសៃឈាមសេដ្ឋកិច្ចពិភពលោក ដែលប្រេង និងឧស្ម័នធម្មជាតិប្រមាណ ១/៥ ឆ្លងកាត់ទីនោះ ត្រូវបានអ៉ីរ៉ង់បិទខ្ទប់ស្ទើរតែទាំងស្រុង។ យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ ការធ្វើនាវាចរណ៍តាមច្រកសមុទ្រនេះ បានធ្លាក់ចុះរហូតដល់ ៩៧ភាគរយ ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈមក។ យុទ្ធសាស្ត្រនេះបានប្រែក្លាយទ្រព្យសកម្មសេដ្ឋកិច្ចដ៏ធំបំផុតរបស់តំបន់ ឱ្យទៅជាឧបករណ៍ទប់ស្កាត់ (Deterrent) ដ៏មានឥទ្ធិពលបំផុតរបស់អ៉ីរ៉ង់។
គួរបញ្ជាក់ថា អ៉ីរ៉ង់ធ្លាប់ប្រើប្រាស់យុទ្ធសាស្ត្រស្រដៀងគ្នានេះក្នុង «សង្គ្រាមនាវាដឹកប្រេង» (Tanker War) កំឡុងឆ្នាំ១៩៨០-១៩៨៨ ប៉ុន្តែបច្ចុប្បន្នអ៉ីរ៉ង់មានឧបករណ៍ដ៏មានសក្តានុពលជាងមុនឆ្ងាយណាស់ ដូចជាឃ្លាំងមីស៊ីល និងដ្រូនតម្លៃថោកៗជាច្រើន ដែលអាចគំរាមកំហែងដល់ការដឹកជញ្ជូនតាមផ្លូវសមុទ្រក្នុងតំបន់កាន់តែធំធេង។ ការវាយប្រហារក្នុងខែនេះ បានបង្ហាញឱ្យឃើញថា អ៉ីរ៉ង់អាចបង្កអសន្តិសុខដល់លំហូរនាវាចរណ៍តាមច្រក Hormuz បានយ៉ាងឆាប់រហ័ស ដោយមិនចាំបាច់ប្រើប្រាស់គ្រាប់មីនច្រើនហួសប្រមាណនោះទេ៕
