ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកត្រាំព្រមានវាយប្រហារអ៉ីរ៉ង់ «យ៉ាងខ្លាំងក្លាបំផុត» ស្របពេលអនុញ្ញាតឱ្យទិញប្រេងរុស្ស៊ីដើម្បីទប់ទល់តម្លៃប្រេង

21

វ៉ាស៊ីនតោនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិកនឹងវាយប្រហារប្រទេសអ៉ីរ៉ង់ «យ៉ាងខ្លាំងក្លាបំផុតនៅសប្តាហ៍ក្រោយ» ខណៈរដ្ឋបាលរបស់លោកក៏បានចេញបណ្ណអនុញ្ញាតរយៈពេល ៣០ថ្ងៃ ឱ្យបណ្តាប្រទេសនានាទិញប្រេង និងផលិតផលប្រេងពីប្រទេសរុស្ស៊ីវិញ ដើម្បីជួយសម្រួលដល់ការហក់ឡើងនៃថ្លៃថាមពលដែលបណ្តាលមកពីសង្គ្រាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងនឹងអ៉ីរ៉ង់។  នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់សារព័ត៌មាន Reuters។ 

ការសម្រេចចិត្តនេះធ្វើឡើង ស្របពេលដែលទីផ្សារថាមពលសកលកំពុងស្ថិតក្នុងភាពច្របូកច្របល់ ខណៈអ៉ីរ៉ង់បានបន្តវាយប្រហារលើនាវាដឹកប្រេងនៅច្រកសមុទ្រហ័រមូស (Hormuz) ដែលជាផ្លូវដឹកជញ្ជូនប្រេង ១/៥ នៃពិភពលោក។ គិតត្រឹមថ្ងៃសុក្រនេះ ជម្លោះរយៈពេលជិត២សប្តាហ៍ បានឆក់យកជីវិតមនុស្សចំនួន ២,០០០នាក់រួចទៅហើយ។ ក្រៅពីនេះ យោធាអាមេរិកបានបញ្ជាក់ពីការបាត់បង់ជីវិតទាហានចំនួន ៤នាក់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះចាក់ប្រេងនៅភាគខាងលិចអ៉ីរ៉ាក់។

គួរបញ្ជាក់ថា ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានព្រមានថា សង្គ្រាមនេះកំពុងបង្កជាការរំខានដល់ការផ្គត់ផ្គង់ប្រេងធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រ ខណៈតម្លៃប្រេងម៉ាស៊ូតនៅសហរដ្ឋអាមេរិក បានហក់ឡើងដល់ ៤.៨៩ដុល្លារក្នុងមួយហ្គាឡុង (ស្មើប្រហែល ៣.៧៨៥ លីត្រ) ដែលជាតម្លៃខ្ពស់បំផុតចាប់តាំងពីខែធ្នូ ឆ្នាំ២០២២។ ទោះបីជាតម្លៃប្រេងឥន្ធនៈនៅអាមេរិកបានហក់ឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីខែធ្នូ ឆ្នាំ២០២២ លោក ត្រាំ នៅតែបន្តអះអាងថា សហរដ្ឋអាមេរិកទទួលបានផលចំណេញយ៉ាងច្រើនពីការហក់ឡើងនៃតម្លៃប្រេងនេះ៕

អត្ថបទដែលជាប់ទាក់ទង