ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង់គ្លេសបដិសេធមិនចូលរួមសង្គ្រាមធំនៅអ៊ីរ៉ង់និងទទួលស្គាល់ថាការបើកច្រកសមុទ្រ Hormuz «មិនមែនជារឿងងាយស្រួល»

22

ឡុងដ៍នាយករដ្ឋមន្ត្រីអង់គ្លេស លោក កៀ ស្តាមើ (Keir Starmer) បានប្រកាសកាលពីថ្ងៃចន្ទថា ចក្រភពអង់គ្លេសនឹងមិនអនុញ្ញាតឱ្យខ្លួនត្រូវទាញចូលទៅក្នុងសង្គ្រាមទ្រង់ទ្រាយធំនៅប្រទេសអ៉ីរ៉ង់នោះទេ ប៉ុន្តែលោកប្តេជ្ញាធ្វើការជាមួយសម្ព័ន្ធមិត្ត ដើម្បីតាក់តែង «ផែនការសមូហភាព» ក្នុងការបើកច្រកសមុទ្រ ហ័រមូស (Hormuz) ឡើងវិញ ទោះបីជាលោកទទួលស្គាល់ថា វាមិនមែនជាភារកិច្ចងាយស្រួលក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការប្រកាសនេះធ្វើឡើងក្រោយពីលោក ដូណាល់ ត្រាំ បានរិះគន់លោក ស្តាមើ យ៉ាងចាស់ដៃ ដែលមិនបានគាំទ្រការវាយប្រហាររបស់អាមេរិក-អ៉ីស្រាអែលលើទីក្រុងតេហេរ៉ង់ពីដំបូង និងបានជំរុញឱ្យអង់គ្លេស បារាំង ចិន ជប៉ុន និងកូរ៉េខាងត្បូង បញ្ជូននាវាចម្បាំងទៅកាន់តំបន់នោះ។ លោក ស្តាមើ បានបញ្ជាក់ក្នុងសន្និសីទកាសែតថា «ការបើកច្រកសមុទ្រ Hormuz ឡើងវិញ គឺជាមធ្យោបាយតែមួយគត់ដើម្បីធ្វើឱ្យទីផ្សារថាមពលមានស្ថិរភាព»។ លោកបន្ថែមថា នេះមិនមែនជាបេសកកម្មក្រោមការដឹកនាំរបស់ណាតូនោះទេ ប៉ុន្តែជាកិច្ចសហប្រតិបត្តិការជាមួយដៃគូអឺរ៉ុប និងអាមេរិក។

គួរបញ្ជាក់ថា ការបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងប្រមាណ ១/៥ នៃពិភពលោក បានរុញច្រានតម្លៃប្រេងឱ្យហក់ឡើងលើសពី ១០០ដុល្លារក្នុងមួយបារ៉ែល។ ដើម្បីដោះស្រាយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច លោក ស្តាមើ បានប្រកាសកញ្ចប់ថវិកាជួយឧបត្ថម្ភចំនួន ៥៣លានផោន (៧០.៣លានដុល្លារ) សម្រាប់គ្រួសារអង់គ្លេសដែលងាយរងគ្រោះបំផុតក្នុងការទូទាត់ថ្លៃប្រេងកម្តៅក្នុងរដូវរងានេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង