ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានាធិបតីអាមេរិកថា NATO មិនព្រមជួយរឿងអ៉ីរ៉ង់គឺជាកំហុសដ៏ឆោតល្ងង់ប៉ុន្តែមិនទាន់មានគម្រោងសងសឹក NATO ទេ

21

វ៉ាស៉ីនតោន៖កាលពីថ្ងៃទី១៧ ខែមីនា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិក ទទួលបានការជូនដំណឹងពីសម្ព័ន្ធមិត្តភាគច្រើននៅក្នុងអង្គការ NATO ថាពួកគេមិនចង់ចូលពាក់ព័ន្ធក្នុងសង្រ្គាមរបស់អាមេរិកប្រឆាំង ប្រទេសអ៉ីរ៉ង់ឡើយ ជាការសម្រេចចិត្តមួយដែលលោកចាត់ទុកថា ជាកំហុសដ៏ឆោតល្ងង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ទោះជាបែបនេះក្តី លោក ត្រាំ បានអះអាងថា ក្រុមប្រទេស NATO គាំទ្រសង្រ្គាមរបស់អាមេរិកនិងអ៉ីស្រាអែល ដែលនាពេលនេះ បានចូលដល់សប្តាហ៍ទី៣ហើយ បើទោះបីជាពួកគេមិនចង់ចូលពាក់ព័ន្ធក្តី។ លោក ត្រាំ បាននិយាយយ៉ាងដូច្នេះថា «ខ្ញុំយល់ថា ពួកគេកំពុងបង្កើតកំហុសដ៏ឆោតល្ងង់មួយ។ គ្រប់គ្នាយល់ស្របជាមួយអាមេរិក ប៉ុន្តែពួកគេមិនចង់ជួយ។ វាគឺជារឿងគួរឱ្យភ្ញាក់ផ្អើល ដូច្នេះហើយក្នុងនាមយើងជាសហរដ្ឋអាមេរិក យើងត្រូវតែចងចាំរឿងនេះ»។ យ៉ាងណាមិញ លោកប្រធានាធិបតីអាមេរិក មិនបានបង្ហាញតំរុយថា រូបលោកគ្រោងចាត់វិធានការសងសឹកវិញឡើយ ប្រឆាំងសម្ព័ន្ធមិត្ត NATO សម្រាប់ជំហររបស់ពួកគេ។

គួរបញ្ជាក់ថា ពីមុនមកលោក ត្រាំ ធ្លាប់គំរាមដកសហរដ្ឋអាមេរិក ចេញពី NATO ប៉ុន្តែលោកមិនបានលើករឿងនេះឡើង កាលពីថ្ងៃអង្គារទេ។ លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យសម្ព័ន្ធមិត្តបញ្ជូននាវាចម្បាំង ទៅជួយការពារសុវត្ថិភាពនៅច្រកសមុទ្រ Hormuz ជាទីដែលប្រេង២០ភាគរយរបស់ពិភពលោក ត្រូវដឹកជញ្ជូនឆ្លងកាត់ បន្ទាប់ពីអ៉ីរ៉ង់បានសងសឹកការវាយប្រហាររួមគ្នា របស់អាមេរិកនិងអ៉ីស្រាអែល ដោយប្រើប្រាស់ដ្រូន មីស៉ីល និងមីនក្រោមទឹក ដើម្បីបិទមិនឱ្យកប៉ាល់ដឹកប្រេងធ្វើដំណើរ៕

អត្ថបទដែលជាប់ទាក់ទង