ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក Gerald R. Ford ត្រឡប់ចូលកំពង់ផែជាបណ្តោះអាសន្នបន្ទាប់ពីមានភ្លើងឆេះកាលពីសប្តាហ៍មុន

25

វ៉ាស៉ីនតោនមន្ត្រីអាមេរិកបានឱ្យដឹងថា នាវាផ្ទុកយន្តហោះចម្បាំង Gerald R. Ford របស់សហរដ្ឋអាមេរិក ដែលត្រូវបានដាក់ពង្រាយក្នុងប្រតិបត្តិការប្រឆាំងអ៉ីរ៉ង់ នឹងចូលចតនៅកំពង់ផែជាបណ្តោះអាសន្ន បន្ទាប់ពីមានភ្លើងឆេះ កាលពីសប្តាហ៍មុន ខណៈសង្រ្គាមចូលដល់សប្តាហ៍ទី៣។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ ២០២៦។

Gerald R. Ford ជានាវាថ្មីបំផុតរបស់អាមេរិក និងធំជាងគេបំផុតលើពិភពលោក បច្ចុប្បន្នឈរជើងនៅសមុទ្រក្រហម។ វាត្រូវបានគេរំពឹងថានឹងទៅកាន់ឈូងសមុទ្រ Souda ហើយចូលចតលើកោះ Crete ប្រទេសក្រិក ជាបណ្តោះអាសន្ន។ តែគេមិនដឹងថាវាត្រូវស្ថិតនៅ ទីនោះក្នុង រយៈពេល ប៉ុន្មាន ទេ។

មន្ត្រី ដែល និយាយ ក្នុង លក្ខខណ្ឌ មិន បញ្ចេញឈ្មោះ បានឱ្យដឹងទៀតថា នាវិកជិត ២០០នាក់ត្រូវការព្យាបាល ដោយសារតែឈ្លក់នឹងផ្សែង នៅពេលដែលមានការឆាបឆេះ ចេញពីទីតាំងបោកគក់លើនាវា។ គេប្រើពេលច្រើនម៉ោង ទើបអាចគ្រប់គ្រងការឆាបឆេះបាន និងប៉ះពាល់ដល់កន្លែងសម្រាកប្រហែល ១០០បន្ទប់។

នាវាចម្បាំងនេះត្រូវបានដាក់ពង្រាយអស់រយៈពេល ៩ខែមកហើយ ដោយបានចូលរួមប្រតិបត្តិការប្រឆាំងវ៉េណេស៊ុយអេឡានៅតំបន់ Caribbean មុនពេលទៅដល់មជ្ឈិមបូព៌ា។ មាននាវិកជាង ៥០០០នាក់ យន្តហោះយោធាជាង ៧៥គ្រឿង រួមទាំងយន្តហោះចម្បាំងដូចជា F-18 Super Hornets នៅលើនោះ។ វាក៏មានប្រព័ន្ធរ៉ាដាទំនើប ដែលអាចជួយគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស និងការរុករកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង