ដាណឺម៉ាកនិងសម្ព័ន្ធមិត្តបានបញ្ជូនទ័ពទៅ Greenland ដោយក្តីបារម្ភអំពីមហិច្ឆតារបស់សហរដ្ឋអាមេរិក
កូប៉ិនហាក៖ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ដាណឺម៉ាក បានរាយការណ៍ថា ដាណឺម៉ាក និងសម្ព័ន្ធមិត្តរបស់ខ្លួន បានដាក់ពង្រាយកងទ័ពទៅកាន់ Greenland នៅក្នុងខែមករា ដោយសារតែខ្លាចការឈ្លានពានពីសហរដ្ឋអាមេរិក ខណៈដែលភាពតានតឹងកើនបានកើនឡើងយ៉ាងខ្លាំង ជុំវិញការប៉ុនប៉ងដើម្បីគ្រប់គ្រងកោះនេះ។ នេះបើយោងតាមចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ ២០២៦។
តាមទូរទស្សន៍ និងវិទ្យុដាណឺម៉ាក DR មានបទបញ្ជាប្រតិបត្តិយោធាមួយ ចុះថ្ងៃទី១៣ ខែមករា សម្រាប់បម្រើជាមូលដ្ឋាននៃការដាក់ពង្រាយកងកម្លាំងដាណឺម៉ាក នៅក្នុងទឹកដីស្វយ័តរបស់ដាណឺម៉ាក។ បទបញ្ជានោះពណ៌នា អំពី ប្រតិបត្តិការ មួយ ដើម្បីការពារ Greenland ភ្លាមៗ ក្រោយប្រតិបត្តិការយោធា អាមេរិក នៅ វ៉េណេស៊ុយអេឡា ដែលបានចាប់ខ្លួនប្រធានាធិបតី Nicolas Maduro។
មន្ត្រីយោធាដាណឺម៉ាកម្នាក់ ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ DR ថា «នៅពេលលោក ត្រាំ និយាយគ្រប់ពេលថាចង់ទិញ Greenland ហើយបន្ទាប់មកយើងឃើញនូវអ្វីដែលបានកើតឡើងនៅវ៉េណេស៊ុយអេឡា យើងត្រូវតែយកចិត្តទុកដាក់ចំពោះសេណារីយ៉ូដែលអាចកើតមានទាំងអស់»។
ក្រោម បេសកម្មធ្វើសមយុទ្ធ របស់ អង្គការ ណាតូ ហៅថា Arctic Endurance កងវរសេនាធំ ដាណឺម៉ាក និង កងកម្លាំង ពិសេស ត្រូវ បាន បញ្ជូន ទៅ Greenland រួម ទាំង ទ័ពពិសេសថ្មើរជើង របស់ បារាំង ទាហាន អាល្លឺម៉ង់ និង ស៊ុយអែត ផង ដែរ។
បើតាមមន្រ្តីយោធាដដែល វាជាការដាក់ពង្រាយកម្លាំងយ៉ាងពិតប្រាកដ មិនមែនជាលំហាត់សមយុទ្ធឡើយ។ យោធា ឬរដ្ឋាភិបាលដាណឺម៉ាក ឬរដ្ឋាភិបាល Greenland មិនទាន់ធ្វើអត្ថាធិប្បាយជុំសេចក្តីរាយការណ៍នេះទេ៕
