តម្លៃប្រេងបន្តប្រែប្រួលភ្លាមៗពិបាកស្មានស្របពេលអាមេរិកនិងអ៉ីរ៉ង់បង្កើនការគំរាមទៅវិញទៅមក
បរទេស៖នាថ្ងៃចន្ទ ទី២៣ ខែមីនា តម្លៃប្រេងបានបន្តស្ថិតក្នុងសភាពប្រែប្រួលភ្លាមៗពិបាកនឹងស្មាន ចំពោះមុខសង្រ្គាមដែលអូសបន្លាយប៉ុន្មានសប្តាហ៍មកហើយនៅមជ្ឈិមបូព៌ា ជាពិសេសការកើនឡើងខ្លាំងនៃភាពតានតឹងជុំវិញច្រកសមុទ្រ Hormuz ដែលជាច្រកផ្លូវដឹកជញ្ជូនដ៏សំខាន់ នៃលំហូរប្រេងនិងឧស្ម័ន របស់ពិភពលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
នាថ្ងៃចន្ទនេះ ប្រេងឆៅអន្តរជាតិ Brent មានតម្លៃជិត១១២ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីឡើងដល់១១៤ដុល្លារកាលពីថ្ងៃអាទិត្យ ខណៈប្រេងឆៅអាមេរិក West Texas Intermediate (WTI) ត្រូវបានជួញដូរក្នុងតម្លៃជិត៩៨ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពី ថ្ងៃអាទិត្យមានតម្លៃ១០០ដុល្លារ។
កាលពីចុងសប្តាហ៍កន្លងទៅនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ ប្រទេសអ៉ីរ៉ង់ ប្រសិនបើទីក្រុងតេហរ៉ង់ មិនព្រមបើកចំហច្រកសមុទ្រ Hormuz ឡើងវិញទាំងស្រុងក្នុងរយៈពេល៤៨ម៉ោង។ ជាការឆ្លើយតប ទីក្រុងតេហេរ៉ង់បានគំរាមទៅវិញថា ខ្លួននឹងបើកការវាយប្រហារលើ ហេដ្ឋារចនាសម្ព័ន្ធសំខាន់នៅទូទាំងមជ្ឈិមបូព៌ា ហើយបិទច្រកសមុទ្រ Hormuz ទាំងស្រុងតែម្តង បើលោកប្រធានាធិបតីអាមេរិក ហ៊ានធ្វើបែបនោះមែន។
គួរបញ្ជាក់ថា តម្លៃប្រេងបានហក់ឡើងយ៉ាងគំហុក ចាប់តាំងពីចុងខែកុម្ភៈ ជាពេលដែលអាមេរិកនិងអ៉ីស្រាអែល ចាប់ផ្តើមបើកការវាយប្រហារលើអ៉ីរ៉ង់ ហើយរុញច្រានតំបន់មជ្ឈិមបូព៌ាទាំងមូល ឱ្យធ្លាក់ក្នុងភ្លើងជម្លោះ។ តម្លៃប្រេងឆៅ Brent មកទល់ពេលនេះ បានកើនឡើងលើស៥០ភាគរយ ហើយកាលពីចំណុចមួយនោះ ធ្លាប់ហក់ឡើងដល់កៀកនឹង១២០ដុល្លារក្នុងមួយបារ៉ែល មុនធ្លាក់ចុះទៅវិញ៕
