ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អតីតនាយករដ្ឋមន្រ្តីថៃលោកថាក់ស៉ីនជាអ្នកទោសម្នាក់ក្នុងចំណោមអ្នកទោស៥០០នាក់ដែលអាចត្រូវដោះលែងឱ្យនៅក្រៅឃុំនាខែឧសភាខាងមុខ

181

បាងកក៖អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ មានឈ្មោះក្នុងចំណោមអ្នកទោសសរុបប្រហែល៥០០នាក់ ដែលកំពុងស្ថិតក្រោមការពិចារណាដោះលែងឱ្យនៅក្រៅឃុំ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Khaosod នាថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២៦។

អាជ្ញាធរថៃត្រូវបានគេរំពឹងថា នឹងត្រួតពិនិត្យលើបញ្ជីឈ្មោះចុងក្រោយ នៅចុងខែមីនានេះ មុនពេលការធ្វើសម្រេចចិត្ត។ ចំណែក កាលបរិច្ឆេទដែលអាចត្រូវបានកំណត់សម្រាប់ការដោះលែង គឺថ្ងៃទី១១ ខែឧសភា ពោលគឺ៤៩ថ្ងៃទៀត។ កាលពីខែកញ្ញា ឆ្នាំ២០២៥ លោក ថាក់ស៉ីន ត្រូវបានតុលាការថៃ សម្រេចឱ្យបញ្ជូនខ្លួនចូលមន្ទីរឃុំឃាំង ដើម្បីអនុវត្តទោសជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ។

គួរបញ្ជាក់ថា ភ្លាមៗក្រោយវិលត្រឡប់ចូលស្រុកវិញ កាលពីខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីរស់នៅនិរទេសខ្លួនរយៈពេល១៥ឆ្នាំ លោក ថាក់ស៉ីន បានចំណាយពេលត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ ក្នុងពន្ធនាគារ មុនត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោមហេតុផលបញ្ហាសុខភាព។ ទោសជាប់ពន្ធនាគារដែលដំបូងឡើយ មានរយៈពេល៨ឆ្នាំ ក្រោមបទទំនាស់ផលប្រយោជន៍ និងរំលោភអំណាច ពេលកាន់តំណែងនាយករដ្ឋមន្រ្តី កាលពីចន្លោះឆ្នាំ២០០១ ដល់ឆ្នាំ២០០៦ ត្រូវបានមហាក្សត្រថៃ បន្ថយឱ្យនៅ ត្រឹម១ឆ្នាំ ហើយលោក ថាក់ស៉ីន ត្រូវបានដោះលែង ក្រោយជាប់ឃុំត្រឹម៦ខែប៉ុណ្ណោះ ដែលស្ទើរតែទាំងស្រុងនៃពេលវេលាជាប់ឃុំនោះ គឺរូបលោកបានស្នាក់នៅក្នុងបន្ទប់ VIP របស់មន្ទីរពេទ្យ៕

អត្ថបទដែលជាប់ទាក់ទង