ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកត្រាំសម្រេចចិត្តវាយអ៉ីរ៉ង់ដោយសារជឿផែនការអ៉ីស្រាអែលដែលសន្យាដុតបញ្ឆេះការបះបោរផ្តួលរំលំរបបដឹកនាំអ៉ីរ៉ង់យ៉ាងឆាប់រហ័ស

175

វ៉ាស៉ីនតោនកាលពីថ្ងៃអាទិត្យទី២២មីនាចុងសប្តាហ៍កន្លងទៅនេះ កាសែតអាមេរិក New York Times បានរាយការណ៍ថា នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu បានបញ្ចុះបញ្ចូលឱ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រួមដៃបើកការវាយប្រហារលើអ៉ីរ៉ង់ ដោយសន្យាថានឹងមានការបះបោរផ្តួលរំលំរបបដឹកនាំអ៉ីរ៉ង់ យ៉ាងឆាប់រហ័ស។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានរុស្ស៉ី RT នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។

ក្នុងដំណាក់កាលរៀបចំបំផ្ទុះសង្រ្គាម នាយកចារកម្ម Mossad របស់ប្រទេសអ៉ីស្រាអែល លោក David Barnea បានស្នើឡើងថា Mossad អាចដុតបញ្ឆេះឱ្យមានការបះបោរនៅអ៉ីរ៉ង់ ហើយផ្តួលរំលំរបបដឹកនាំសាធារណរដ្ឋអ៉ីស្លាមមួយនេះ ក្នុងពេលត្រឹមប៉ុន្មានថ្ងៃ ប៉ុណ្ណោះ ក្រោយការចាប់ផ្តើមវាយប្រហារ។ Mossad បានបង្ហាញផែនការនេះដល់លោក Netanyahu រួមទាំងក្រុមមន្រ្តីជាន់ខ្ពស់ របស់សហរដ្ឋអាមេរិក កាលពីខែមករា។ 

ទោះបីមានមន្ទិលសង្ស័យអំពីភាពជឿជាក់បាននៃផែនការខាងលើ ក្នុងចំណោមមន្រ្តីជាន់ខ្ពស់នៅវ៉ាស៉ីនតោន និងនៅទីភ្នាក់ងារស៉ើបការណ៍សម្ងាត់យោធា AMAN របស់អ៉ីស្រាអែលផ្ទាល់ក្តី លោក ត្រាំ និងលោក Netanyahu បានសម្រេចរើសយកជម្រើសចក្ខុវិស័យសុទិដ្ឋិនិយម ដោយមានគោលដៅជំរុញការផ្លាស់ប្តូររបបនៅអ៉ីរ៉ង់ តាមរយៈការសម្លាប់ក្រុមមេដឹកនាំ។

អំឡុងពេលប៉ុន្មានថ្ងៃដំបូង ក្រោយអាមេរិកនិងអ៉ីស្រាអែល ចាប់ផ្តើមបើកការវាយប្រហាររបស់ពួកគេលើអ៉ីរ៉ង់ កាលពីចុងខែកុម្ភៈ ហើយបានផ្តាច់ជីវិតមេដឹកនាំកំពូល លោក Ayatollah Ali Khamenei រួមជាមួយមន្រ្តីនិងមេបញ្ជាការជាន់ខ្ពស់មួយចំនួនទៀតរបស់អ៉ីរ៉ង់ លោក ដូណាល់ ត្រាំ បានប្រកូកប្រកាសយ៉ាងទទូច ឱ្យប្រជាជនអ៉ីរ៉ង់ងើបបះបោរ ដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់ពួកគេ។

គួរបញ្ជាក់ថា ទោះបីមន្រ្តីនិងមេទ័ពកំពូលៗអ៉ីរ៉ង់ជាច្រើនរូប ត្រូវបានសម្លាប់ក៏ដោយ មកទល់ពេលនេះ រដ្ឋាភិបាលអ៉ីរ៉ង់ នៅតែមិនទាន់ដួលរលំ ហើយទីក្រុងតេហេរ៉ង់ បានបន្តធ្វើការវាយប្រហារសងសឹកយ៉ាងចាស់ដៃ ប្រឆាំងគោលដៅអ៉ីស្រាអែល និងអាមេរិក នៅទូទាំងតំបន់មជ្ឈិមបូព៌ា៕

អត្ថបទដែលជាប់ទាក់ទង