ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ៉ីរ៉ង់កំពុងរៀបចំច្បាប់ដើម្បីកំណត់ឱ្យមានការបង់ប្រាក់សម្រាប់កប៉ាល់ដែលចង់ដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz

175

តេហេរ៉ង់ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ Fars និង Tasnim បានរាយការណ៍ថា សភានៃប្រទេសអ៉ីរ៉ង់ កំពុងព្យាយាមអនុម័តច្បាប់មួយ ដែលនឹងកំណត់ឱ្យមានការបង់ប្រាក់សម្រាប់កប៉ាល់នានា ដែលមានបំណងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Aljazeera នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦។

សេចក្តីរាយការណ៍ខាងលើ ផ្អែកលើសម្តីប្រធានគណៈកម្មាធិការកិច្ចការស៉ីវិលនៃសភាអ៉ីរ៉ង់ ដែលបាននិយាយថា សេចក្តីព្រាងច្បាប់មួយ នាពេលនេះកំពុងត្រូវបានរៀបចំឡើង ដោយក្រុមអ្នកជំនាញផ្នែកច្បាប់របស់សភា ហើយនឹងចេញជារូបរាងក្នុងពេលឆាប់ៗ។ មន្រ្តីដដែល បាននិយាយថា យោងតាមផែនការនេះ អ៉ីរ៉ង់ចាំបាច់តម្រូវឱ្យមានការបង់ប្រាក់ ដើម្បីធានាសន្តិសុខរបស់កប៉ាល់ ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz។

មន្រ្តីអ៉ីរ៉ង់ខាងលើ បានបន្ថែមថា «វាពុំមានអ្វីចម្លែកទាល់តែសោះ។ ដូចនៅតាមច្រកផ្លូវដទៃទៀតដែរនៅពេលទំនិញឆ្លងកាត់តាម ប្រទេសមួយ គឺត្រូវមានការបង់ពន្ធ… ច្រកសមុទ្រ Hormuz ក៏ជាច្រកផ្លូវមួយដែរ។ យើងជាអ្នកធានាសន្តិសុខនៃច្រកនេះ ដូច្នេះហើយ វាគឺជារឿងធម្មតាដែលកប៉ាល់ដឹកទំនិញ ក៏ដូចជាកប៉ាល់ដឹកប្រេង ត្រូវបង់ថ្លៃពន្ធ»

គួរបញ្ជាក់ថា បន្ទាប់ពីទីក្រុងវ៉ាស៉ីនតោន បានបញ្ជូនផែនការ១៥ចំណុចរបស់ខ្លួន សំដៅបញ្ចប់សង្រ្គាមឱ្យមកទីក្រុងតេហរ៉ង់ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ បានដាក់ចេញលក្ខខណ្ឌចំនួន៥បកទៅវិញ ដោយក្នុងនោះ រួមមានទាំងការទាមទារការទទួលស្គាល់ ជាអន្តរជាតិ ចំពោះសិទ្ធិរបស់អ៉ីរ៉ង់ ដើម្បីអនុវត្តយុត្តាធិការលើច្រកសមុទ្រ Hormuz៕

អត្ថបទដែលជាប់ទាក់ទង