កូរ៉េខាងត្បូងប្រកាសដំឡើងថ្លៃប្រេងឥន្ធនៈប៉ុន្តែពង្រីកការកាត់បន្ថយពន្ធចំពោះមុខវិបត្តិដោយសារសង្រ្គាមមជ្ឈិមបូព៌ា
សេអ៊ូល៖កូរ៉េខាងត្បូង នឹងដំឡើងថ្លៃប្រេងឥន្ធនៈមួយកម្រិតទៀត ដែលមានប្រសិទ្ធភាព ចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃសុក្រនេះតទៅ ប៉ុន្តែនឹងពង្រីកការបន្ធូរបន្ថយពន្ធលើប្រេងឥន្ធនៈ ដើម្បីសម្រាលបន្ទុកអ្នកប្រើប្រាស់ពីការប្រឈមមុខនឹងបញ្ហា ដែលកើតចេញពីសង្រ្គាមរវាងសហរដ្ឋអាមេរិក និងអ៉ីស្រាអែលជាមួយអ៉ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ ២០២៦។
រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Koo Yun-cheol បាននិយាយថា អត្រាប្រតិបត្តិការសម្រាប់រោងចក្រថាមពលនុយក្លេអ៊ែរ នឹងកើនឡើងដល់លើសពី ៨០ភាគរយ ហើយតម្លៃកំណត់តាមរដូវកាលនៃរោងចក្រថាមពលធ្យូងថ្ម នឹងត្រូវលុបចោល ខណៈសង្រ្គាមមជ្ឈិមបូព៌ាដែលកំពុងអូសបន្លាយ បានអង្រួនទីផ្សារថាមពលសកល និងសេដ្ឋកិច្ចកូរ៉េខាងត្បូង។
កូរ៉េខាងត្បូង បានដាក់ឱ្យកំណត់តម្លៃថ្មីលើប្រេងឥន្ធនៈ ក្នុងរយៈពេលពីរសប្តាហ៍ម្តង។ តាមលោក Koo ដើម្បី កុំឱ្យមានតម្លៃថ្លៃពេក ការ កាត់ បន្ថយ ពន្ធ លើ ប្រេង នឹង ពង្រីក ដល់ ១៥ភាគរយ សម្រាប់ ប្រេងសាំង និង ២៥ភាគរយ សម្រាប់ប្រេងម៉ាស៊ូត។
កូរ៉េខាងត្បូង ក៏គ្រោងទិញយកមូលបត្របំណុលនៃក្រសួងហិរញ្ញវត្ថុ ដែលមានតម្លៃ ៥ទ្រីលានវ៉ុន ឬ ៣.៣២ពាន់លានដុល្លារផងដែរ ដើម្បីរក្សាស្ថិរភាពទីផ្សារ និងប្តូរយកមូលបត្រឥណទានថែមទៀត ដោយប្រើថវិកាចំណូលដែលនៅសេសសល់របស់រដ្ឋ៕
