ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកត្រាំប្រាប់សម្ព័ន្ធមិត្តអឺរ៉ុបថា «បើចង់បានប្រេងអាចទិញពីអាមេរិកឬទៅដណ្តើមយកច្រកសមុទ្រHormuz ដោយខ្លួនឯង»

116

វ៉ាស៊ីនតោននាថ្ងៃអង្គារនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញឱ្យបណ្តាប្រទេសដែលមិនបានជួយអាមេរិក និងអ៉ីស្រាអែលក្នុងសង្គ្រាមលើអ៉ីរ៉ង់ ត្រូវងាកមកទិញប្រេងពីអាមេរិកវិញ ហើយបើចង់បានប្រេង សូមឱ្យបញ្ជូនកងទ័ពទៅដណ្តើមយកច្រកសមុទ្រ ហ័រមូស (Hormuz) ដោយខ្លួនឯង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមរយៈសារលើបណ្តាញសង្គម Truth Social លោក ត្រាំ បានរិះគន់ចំៗទៅលើចក្រភពអង់គ្លេស និងបារាំង ដែលលោកចាត់ទុកថា «មិនបានជួយអ្វីទាំងអស់» នៅក្នុងសង្គ្រាមរយៈពេលមួយខែមកនេះ។ លោក ត្រាំ បានសរសេរដូច្នេះថា «ប្រទេសទាំងអស់ដែលកំពុងខ្វះខាតប្រេងឥន្ធនៈ ដោយសារតែច្រកសមុទ្រ Hormuz ដូចជាចក្រភពអង់គ្លេសជាដើម ខ្ញុំមានសំណើមួយសម្រាប់អ្នក៖ ទី១ ទិញប្រេងពីអាមេរិកមក យើងមានច្រើនណាស់ ហើយទី២ ចូរមានភាពក្លាហានបន្តិចទៅ ចូរទៅច្រកសមុទ្រនោះ ហើយដណ្តើមយកវាទៅ!»។

គួរបញ្ជាក់ថា លោក ត្រាំ ក៏បានព្រមានយ៉ាងចាស់ដៃថា «ពួកអ្នកនឹងត្រូវចាប់ផ្តើមរៀនពីរបៀបច្បាំងដោយខ្លួនឯងហើយ ព្រោះអាមេរិកនឹងមិននៅទីនោះដើម្បីជួយពួកអ្នកទៀតឡើយ ដូចដែលពួកអ្នកមិនបានជួយយើងកន្លងមកដែរ។ កិច្ចការដ៏លំបាកត្រូវបានបញ្ចប់ហើយ (ដោយអាមេរិកនិងអ៉ីស្រាអែល) ចូរទៅយកប្រេងរបស់អ្នកដោយខ្លួនឯងទៅ!»។ បន្ថែមពីនេះ លោក ត្រាំ ក៏បានរិះគន់បារាំងយ៉ាងខ្លាំង ដែលមិនព្រមអនុញ្ញាតឱ្យយន្តហោះដឹកជញ្ជូនសព្វាវុធរបស់អាមេរិកហោះហើរឆ្លងកាត់ដែនអាកាសខ្លួន ដើម្បីទៅជួយអ៉ីស្រាអែលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង