ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សភាវៀតណាមបើកសម័យប្រជុំដើម្បីបោះឆ្នោតទទួលស្គាល់ថ្នាក់ដឹកនាំថ្មីបន្ទាប់ពីតំណែងទាំងនេះត្រូវបានកំណត់រួចជាស្រេចដោយបក្សកុម្មុយនីស្ត

102

ហាណូយនាថ្ងៃចន្ទទី៦មេសានេះ សភានៃប្រទេសវៀតណាម បានចាប់ផ្តើមបើកសម័យប្រជុំថ្មីរបស់ខ្លួន ហើយនឹងមានការបោះឆ្នោតទទួលស្គាល់ ថ្នាក់ដឹកនាំកំពូលៗរបស់ប្រទេស ជាតំណែងដែលត្រូវបានជ្រើសរើសរួចជាស្រេច ដោយគណបក្សកុម្មុយនីស្ត ប៉ុន្តែមិនទាន់ត្រូវបានប្រកាសជាផ្លូវការ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២៦។

រដ្ឋសភាវៀតណាម ដែលមាន៥០០អាសនៈ មានតួនាទីជាចម្បងគ្រាន់តែផ្តល់សច្ចាប័ន ចំពោះការសម្រេចចិត្តដែលធ្វើឡើងដោយ បក្សកុម្មុយនីស្តប៉ុណ្ណោះ ប៉ុន្តែពេលខ្លះ សភាក៏ធ្វើវិសោធនកម្មការកែសម្រួលច្បាប់ផងដែរ។ សមាជិកថ្មីរបស់សភា ត្រូវបានបោះឆ្នោត ជ្រើសរើសកាលពីខែមុន ដោយបក្សកុម្មុយនីស្តគ្រប់គ្រង៩៧ភាគរយនៃអាសនៈ។ ក្រុមសមាជិកសភាថ្មីទាំងនេះ ត្រូវបានរំពឹងថា នឹងបោះឆ្នោតទទួលស្គាល់ថ្នាក់ដឹកនាំកំពូលៗ ដែលត្រូវបានកំណត់ជ្រើសរើស អំឡុងមហាសន្និបាតបក្សកុម្មុយនីស្ត កាលពីខែមករា។

គួរបញ្ជាក់ថា អំឡុងមហាសន្និបាតនោះ មេដឹកនាំកំពូលបំផុតគឺលោក To Lam ត្រូវបានជ្រើសរើសឱ្យប ន្តធ្វើជាអគ្គលេខាធិការ ប៉ុន្តែបក្សកុម្មុយនីស្តមិនបានប្រកាសជាសាធារណៈ នូវសមាសភាពថ្នាក់ដឹកនាំដទៃទៀត ដែលត្រូវបានចាត់ទុកជាសសរស្តម្ភទាំង៤ ក្នុង រចនាសម្ព័ន្ធដឹកនាំរួមរបស់ប្រទេសវៀតណាមទេ។

លោក Lam ត្រូវបានរំពឹងយ៉ាងទូលំទូលាយថា ក៏នឹងក្លាយជាប្រធានាធិបតីផងដែរ ដែលជាការបង្រួបបង្រួមតំណែងមេដឹកនាំបក្ស និងមេដឹកនាំរដ្ឋ ដូចដែលប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានធ្វើនៅក្នុងប្រទេសចិនក្បែរខាងគ្នា។ ក្រៅពីតំណែងប្រធានាធិបតី សភាវៀតណាម នឹងបោះឆ្នោតទទួលស្គាល់នាយករដ្ឋមន្រ្តី ក៏ដូចជាប្រធានសភា៕

អត្ថបទដែលជាប់ទាក់ទង