ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកត្រាំបង្ហោះរូបភាពផែនទីវ៉េណេស៊ុយអេឡាជារដ្ឋទី៥១របស់សហរដ្ឋអាមេរិក

119

វ៉ាស៊ីនតោនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ បានបង្ហោះរូបភាពផែនទីរបស់ប្រទេសវ៉េណេស៊ុយអេឡា នៅលើបណ្ដាញទំនាក់ទំនងសង្គម Truth Social ជារូបភាពទង់ជាតិអាមេរិក និងចាត់ទុកប្រទេសមួយនេះជារដ្ឋទី៥១របស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ 

ការបង្ហោះរូបភាពខាងលើរបស់លោក ត្រាំ ធ្វើឡើងក្នុងពេលរូបលោកត្រៀមចេញដំណើរទៅកាន់ប្រទេសចិនដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង និងធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីស្ដីទីរបស់វ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez បាននិយាយថាប្រទេសរបស់លោកស្រីមិនដែលមានគំនិតចង់ក្លាយជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិកឡើយ បើទោះជាកងកម្លាំងអាមេរិកបានចូលចាប់ខ្លួនអតីតប្រធានាធិបតី លោក Nicolas Maduro កាលពីខែមករា កន្លងទៅ។ 

កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ លោក ត្រាំ បានប្រាប់ទូរទស្សន៍ Fox News ថារូបលោកកំពុងពិចារណាដាក់វ៉េណេស៊ុយអេឡាជារដ្ឋថ្មីមួយរបស់សហរដ្ឋអាមេរិក ជាច្រើនខែបន្ទាប់ពីរូបលោកបានអួតពីការគ្រប់គ្រងលើឧស្សហកម្មប្រេងដ៏ធំសម្បើមរបស់ប្រទេសក្នុងតំបន់អាមេរិកខាងត្បូងមួយនេះ៕

អត្ថបទដែលជាប់ទាក់ទង