កញ្ចប់លក់សព្វាវុធអាមេរិកឱ្យតៃវ៉ាន់កំពុងផ្អាកជាបណ្តោះអាសន្នដោយសារសង្រ្គាមអ៉ីរ៉ង់
វ៉ាស៉ីនតោន៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦ រដ្ឋមន្រ្តីស្តីទីកងទ័ពជើងអាមេរិក បាននិយាយថា កញ្ចប់លក់សព្វាវុធរបស់តៃវ៉ាន់ កំពុងផ្អាកជាបណ្តោះអាសន្ន ដើម្បីធានាថា យោធាអាមេរិកមានអាវុធគ្រប់គ្រាន់ សម្រាប់ប្រតិបត្តិការយោធានៅអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
រដ្ឋមន្រ្តីស្តីទីកងទ័ពជើងអាមេរិក លោក Hung Cao បានលើកឡើងដូចខាងលើ អំឡុងសវនាការនៅសភាអាមេរិក ពេលត្រូវបានសួរនាំអំពីភាពជាប់គាំង នៃការទិញសព្វាវុធតម្លៃ ១៤ពាន់លានដុល្លារពីសំណាក់តៃវ៉ាន់។ លោក Cao បាននិយាយថា ដ្បិតបច្ចុប្បន្នសព្វាវុធសម្រាប់ប្រតិបត្តិការសង្រ្គាមអឺរ៉ុង គឺមានច្រើនហើយក៏ដោយ ការផ្អាកនោះគឺដើម្បីធានាថា យោធាអាមេរិកមានអ្វីៗគ្រប់យ៉ាង ហើយដំណើរការលក់ឱ្យបរទេស នឹងបន្តឡើងវិញនៅពេលរដ្ឋបាលលោក ត្រាំ កំណត់ថា វាដល់ពេលចាំបាច់។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនទាន់ផ្តល់ការយល់ព្រមចុងក្រោយ សម្រាប់កញ្ចប់លក់សព្វាវុធខាងលើនៅឡើយទេ ដែលជាហេតុនាំឱ្យកើនឡើងក្តីបារម្ភ អំពីការប្តេជ្ញារបស់លោកចំពោះការគាំទ្រតៃវ៉ាន់ ដែលជាដែនកោះត្រូវចិនចាត់ទុកជាផ្នែកនៃទឹកដី របស់ខ្លួន។
នៅមុនពេលធ្វើទស្សនកិច្ចថ្មីៗនេះទៅកាន់ប្រទេសចិន លោក ត្រាំ បាននិយាយថា លោកនឹងជជែកជាមួយប្រធានាធិបតីចិន លោក ស៉ី ជីនពីង អំពីការលក់សព្វាវុធនោះ ខណៈវាប្រាសចាកពីការអះអាងពីមុនរបស់ទីក្រុងវ៉ាស៉ីនតោន ដែលថាខ្លួននឹងមិនជជែកអំពី បញ្ហានេះជាមួយទីក្រុងប៉េកាំងឡើយ។ រីឯក្រោយពេលទស្សនកិច្ច លោក ត្រាំ បានប្រាប់ថា រូបលោកមិនបានផ្តល់ការសន្យាណាមួយ ចំពោះលោក ស៉ី ស្តីពីតៃវ៉ាន់ទេ ហើយលោកនឹងធ្វើការសម្រេចចិត្ត ជុំវិញកញ្ចប់លក់សព្វាវុធតម្លៃ១៤ពាន់លានដុល្លារនោះ ក្នុងពេល មិនយូរទៀតឡើយ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ទទួលស្គាល់តែទីក្រុងប៉េកាំងក៏ពិតមែន ប៉ុន្តែមានកាតព្វកិច្ចផ្លូវច្បាប់ ត្រូវផ្តល់សព្វាវុធដល់តៃវ៉ាន់ ដើម្បីឱ្យដែនកោះនេះមានមធ្យោបាយការពារខ្លួន។ រីឯចិនបានប្តេជ្ញាថានឹងគ្រប់គ្រងតៃវ៉ាន់នៅថ្ងៃណាមួយ ហើយមិនដែលបោះបង់ លទ្ធភាពនៃការប្រើកម្លាំងយោធា ដើម្បីសម្រេចគោលដៅទេ ខណៈប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងប៉េកាំងបានបង្កើនសម្ពាធខ្លាំង ទាំងផ្នែកនយោបាយនិងយោធា៕
