ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកត្រាំអះអាងថាកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ត្រូវបានចរចារួចមួយផ្នែកធំក្នុងនោះរួមមានទាំងការបើកច្រកសមុទ្រ Hormuz

192

វ៉ាស៊ីនតោន៖ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៦ បាននិយាយថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ត្រូវបានចរចាសម្រេចបានមួយផ្នែកធំ ក្នុងនោះរួមមានទាំងសំណើបើកច្រកសមុទ្រ Hormuz ឡើងវិញ បើទោះជាកិច្ចព្រមព្រៀងនេះមិនទាន់សម្រេចបានទាំងស្រុងក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ 

ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «កិច្ចព្រមព្រៀងមួយត្រូវបានចរចាសម្រេចបានមួយផ្នែកធំ តែមិនទាន់សម្រេចបាន ជាផ្លូវការរវាងសហរដ្ឋអាមេរិក អ៉ីរ៉ង់ និងបណ្ដាប្រទេសជាច្រើនទៀតនៅឡើយទេ»។ លោក ត្រាំបន្តថាបន្ថែមពីលើចំណុចជាច្រើននៃកិច្ចព្រមព្រៀង ក៏មានផងដែរ ច្រកសមុទ្រ Hormuz នឹងត្រូវបានបើកឡើងវិញ។ 

តាមលោក ត្រាំ ក្នុងចំណោមមេដឹកនាំនៃបណ្ដាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាដែលបានចួលរួមអំពាវនាវឱ្យកាលពីថ្ងៃសៅរ៍ឱ្យមានកិច្ចពិភាក្សាលើកិច្ចព្រមព្រៀងរួមមាន អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម កាតា អេហ្ស៉ីប ហ្ស៊កដានី និងបារ៉ែន។ លោកបន្ថែមថារូបលោកក៏បានបើកកិច្ចពិភាក្សាដាច់ដោយឡែកមួយតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល Benjamin Netanyahu ផងដែរ។ 

តែទោះជាបែបនេះក្ដី អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក Esmaeil Baqaei បាននិយាយថាពិតជាមានលទ្ធភាពខិតជិតទៅរកកិច្ចព្រមព្រៀងមែន តែនេះមិនមែនមានន័យថាអ៉ីរ៉ង់ និងសហរដ្ឋអាមេរិកនឹងឈានដល់កិច្ចព្រមព្រៀងមួយលើបញ្ហាសំខាន់ៗមួយចំនួននោះទេ។ តាមអ្នកនាំពាក្យរូបនេះ សេចក្ដីលម្អិតនៃកិច្ចព្រមព្រៀងចុងក្រោយមួយអាចនឹងត្រូវការពេលវេលា ចន្លោះពី៣០ ទៅ៦០ថ្ងៃ បន្ទាប់ពីក្របខណ្ឌការងារត្រូវបានបង្ហើយជាស្ថាពរ៕

អត្ថបទដែលជាប់ទាក់ទង