ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថៃនិយាយថាត្រៀមខ្លួនដើម្បីចូលរួមយន្តការផ្សះផ្សាដោយបង្ខំតាមអនុសញ្ញា UNCLOS របស់អង្គការសហប្រជាជាតិ (UN) ក្នុងការដោះស្រាយបញ្ហាវិវាទដែនសមុទ្រជាមួយកម្ពុជា

44

បាងកកកាលពីថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋមន្រ្តីការបរទេសថៃ បាននិយាយថា ប្រទេសរបស់លោកត្រៀមលក្ខណៈពេញលេញ ដើម្បីចូលរួមក្នុងយន្តការផ្សះផ្សាគាំទ្រដោយអង្គការសហប្រជាជាតិ (UN) ដែលត្រូវបានចាប់ផ្តើមឡើងដោយប្រទេសកម្ពុជា ជុំវិញការទាមទារដែនសមុទ្រ ដែលមានបញ្ហាវិវាទ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

រដ្ឋមន្រ្តីការបរទេសថៃ លោក Sihasak Phuangketkeow កាលពីថ្ងៃពុធបាននិយាយដូច្នេះថា «ថៃត្រៀមលក្ខណៈយ៉ាងពេញលេញ ដើម្បីធ្វើសកម្មភាពចាំបាច់នានា ដោយស្របទៅតាមអនុសញ្ញា UNCLOS ហើយទន្ទឹមគ្នានោះ នឹងតម្កល់សារសំខាន់ខ្ពស់បំផុត លើការរក្សាការពារផលប្រយោជន៍ជាតិរបស់ប្រទេសថៃ»។ ប្រទេសទាំង២ គឺសុទ្ធតែជាភាគី នៅក្នុងអនុសញ្ញានេះ។

ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ សេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ញើជូនជនរួមជាតិ ស្តីពីការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ។

មន្រ្តីរាជការ និងប្រជាជនកម្ពុជា សម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចាប់ផ្តើមដំណើរការយន្តការផ្សះផ្សារដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បន្ទាប់ពីការដកខ្លួនជាឯកតោភាគីរបស់ភាគីថៃ ពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ដែលជាមូលដ្ឋានគតិយុត្តតែមួយគត់ សម្រាប់ការចរចាទ្វេភាគីស្វែងរកដំណោះស្រាយដោយសន្តិវិធី លើការទាមទារ ដែនសមុទ្រត្រួតស៊ីគ្នារវាងប្រទេសទាំងពីរ អស់រយៈពេលជាង ២៥ ឆ្នាំកន្លងមកនេះ។

ការអនុវត្តយន្តការផ្សះផ្សាដោយបង្ខំនេះ គឺជាជំហានដ៏ត្រឹមត្រូវ ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ក្នុងការបន្តខិតខំស្វែងរកដំណោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិក្នុងការដោះស្រាយវិវាទជាមួយប្រទេសថៃ៕

អត្ថបទដែលជាប់ទាក់ទង