ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាមេរិកវាយប្រហារទីតាំងរ៉ាដាអ៉ីរ៉ង់បន្ទាប់ពីអ៉ីរ៉ង់បញ្ជូនយន្តហោះដ្រូន

14

វ៉ាស៉ីនតោន៖យោធាអាមេរិកបានអះអាងថា នៅថ្ងៃសៅរ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៦ កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz ខណៈវាជាការប៉ះទង្គិចគ្នាថ្មីចុងក្រោយមួយទៀត ចំពោះមុខកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមរវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។

យោធាអាមេរិកជឿថា យន្តហោះដ្រូនអ៉ីរ៉ង់ចំនួន៤គ្រឿង បានកំណត់គោលដៅលើចរាចរណ៍ផ្លូវសមុទ្រនៅក្នុងតំបន់ ហើយក្រោយមកកងកម្លាំងអាមេរិក ក៏បានបើកការវាយប្រហារទីតាំងប្រព័ន្ធរ៉ាដារបស់អ៉ីរ៉ង់ នៅទីក្រុង Goruk និងកោះ Qeshm កៀកនឹងច្រកសមុទ្រ Hormuz។ យោធាអាមេរិក បានអះអាងថា ដ្រូនទាំង៤គ្រឿងត្រូវបានបាញ់ទម្លាក់ទាំងអស់ ខណៈការវាយប្រហារទីតាំងរ៉ាដា គឺដើម្បីការពារប្រឆាំងការវាយប្រហារក្រោយៗទៀតពីអ៉ីរ៉ង់។

គួរបញ្ជាក់ថា បទឈប់បាញ់រវាងអាមេរិកនិងអ៉ីរ៉ង់ ត្រូវបានអនុវត្តចាប់តាំងពីថ្ងៃទី៨ ខែមេសា ប៉ុន្តែកិច្ចចរចាមិនដោយផ្ទាល់ជាបន្តបន្ទាប់ ដើម្បីព្យាយាមស្វែងរកការបិទបញ្ចប់ជម្លោះជាអចិន្រ្តៃយ៍ មកទល់ពេលនេះ នៅតែមិនទាន់ទទួលបានជោគជ័យនៅឡើយទេ។ កាលពីថ្ងៃសុក្រ យោធាអ៉ីរ៉ង់បានអះអាងថា ខ្លួនបានបាញ់មីស៉ីលព្រមានសំដៅទៅនាវាចម្បាំងអាមេរិក២គ្រឿង នៅឈូងសមុទ្រអូម៉ង់ ជាការអះអាងដែលត្រូវបាន បដិសេធភ្លាមៗដោយយោធាអាមេរិក។ រីឯ២ថ្ងៃមុននោះទៀត កូវ៉ែតដែលជាប្រទេសមានមូលដ្ឋានយោធាអាមេរិកធំមួយ បានអះអាងថា ខ្លួនបានបាញ់ស្ទាក់មីស៉ីលបាលិស្ទីគ៣០គ្រាប់ ដែលបញ្ជូនចេញមកពីអ៉ីរ៉ង់៕

អត្ថបទដែលជាប់ទាក់ទង