ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា៖តួលេខមនុស្សស្លាប់បន្តកើនដល់លើស១៤០០នាក់

14

ការ៉ាកាស៖គិតត្រឹមថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦ តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី ដែលបានវាយប្រហារប្រទេសវ៉េណេស៊ុយអេឡា ក្នុងសប្តាហ៍នេះ បានបន្តកើនឡើងលើស១៤០០នាក់ហើយ ស្របពេលដែលក្រុមជួយសង្រ្គោះពីបរទេស បានមកដល់ជាបន្តបន្ទាប់ ហើយប្រតិបត្តិការរុករកកំពុងបន្តប្រព្រឹត្តទៅភសកម្ម ដើម្បីតាមស្វែងរកអ្នកអាចនៅរស់រានមានជីវិត តាមតំបន់ដែលរងគ្រោះខ្លាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

អាជ្ញាធរវ៉េណេស៊ុយអេឡា បាននិយាយថា ភ្នាក់ងារជួយសង្រ្គោះបរទេសសរុបច្រើនជាង១៦០០នាក់ បានមកដល់ ខណៈក្រុមបន្ថែមទៀត កំពុងតែធ្វើដំណើរមក ហើយពួកគេកំពុងចេញធ្វើប្រតិបត្តិការ នៅពាសពេញរដ្ឋ La Guairá ព្រមទាំងនៅរដ្ឋធានីការ៉ាកាស ជាទីដែលសមាជិកគ្រួសារ និងក្រុមអ្នកស្ម័គ្រចិត្តប៉ុន្មានថ្ងៃមកនេះបានខិតខំ ទាញអ្នកនៅរស់ក៏ដូចជាសាកសព ពីក្រោមគំនរអគារដួលរលំ ចាប់តាំងពីគ្រោះរញ្ជួយដីកើតឡើងកាលពីថ្ងៃពុធ។

គួរបញ្ជាក់ថា ស្របពេលរដ្ឋបាលភិបាលវ៉េណេស៊ុយអេឡាផ្ទាល់ បានអះអាងថា មនុស្សត្រឹមខ្ទង់រយនាក់កំពុងបាត់ខ្លួន ឬជាប់ក្រោមគំនរបាក់បែក មនុស្សសរុបលើស ៥៥ ០០០នាក់ ត្រូវបានចុះឈ្មោះជាអ្នកបាត់ខ្លួន នៅលើវែបសាយមួយដែលជំរុញដោយគណបក្សប្រឆាំងនៅវ៉េណេស៊ុយអេឡា។ ទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដី របស់សហរដ្ឋអាមេរិក USGS បានប៉ាន់ប្រមាណថា ចំនួនមនុស្សស្លាប់លើស១០ ០០០នាក់ គឺអាចទៅរួច ពីគ្រោះរញ្ជួយភ្លោះដែលមានកម្រិត៧,២រ៉ិចទ័រ និង៧,៥រ៉ិចទ័រ ខណៈបើដូច្នោះមែន វានឹងក្លាយជាគ្រោះរញ្ជួយដីដ៏ប្រល័យបំផុតនៅតំបន់អាមេរិកឡាទីន សម្រាប់រយៈពេលមួយសតវត្សរ៍ចុងក្រោយមកនេះ៕

អត្ថបទដែលជាប់ទាក់ទង