លោកប្រធានាធិបតីត្រាំសន្ទនាតាមទូរស័ព្ទជាមួយលោកពូទីននិងលោកហ្សេលេនស្គីជុំវិញបញ្ហាសង្រ្គាមរុស្ស៉ីអ៊ុយក្រែន
វ៉ាស៉ីនតោន៖នាថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦ វិមានក្រឹមឡាំងបានឱ្យដឹងថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលនិយាយជាមួយប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន តាមទូរស័ព្ទជិត ៩០នាទី បានផ្តល់ដំណោះស្រាយមួយសម្រាប់សង្រ្គាមនៅអ៊ុយក្រែន រីឯប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងថាលោកក៏បានជជែកជាមួយលោក ត្រាំ និងអំពាវនាវឱ្យមានដំណោះស្រាយរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្គ្រាម។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ជំនួបតាមទូរស័ព្ទនេះបានធ្វេីឡេីងកាលពីថ្ងៃសៅរ៍ ចំទិវាឯករាជ្យជាតិរបស់សហរដ្ឋអាមេរិក ក្នុងបរិបទនៃការចូលរួមរបស់លោក ត្រាំ ក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ (NATO) នៅប្រទេសតួកគីយ៉េ នាសប្តាហ៍ក្រោយ។
តាមជំនួយការវិមានក្រឹមឡាំង លោក Yuri Ushakov ប្រធានាធិបតីអាមេរិកបានបញ្ជាក់ជាថ្មីម្តងទៀតថា លោកត្រៀមខ្លួនជាស្រេចដើម្បីធ្វើការឆ្ពោះទៅរកការបញ្ចប់ការប្រយុទ្ធគ្នាយ៉ាងឆាប់រហ័ស និងស្វែងរកដំណោះស្រាយដើម្បីជម្នះវិបត្តិ។
លោក ហ្សេលេនស្គី បាននិយាយថា លោកមានការសន្ទនាដ៏ល្អជាមួយប្រធានាធិបតី ត្រាំ ដោយពិភាក្សាអំពីស្ថានភាពនៅជួរមុខ ហេីយលោក ត្រាំ បានយល់ព្រមបន្តការពិភាក្សានៅក្នុងកិច្ចប្រជុំកំពូល NATO។ លោក ហ្សេលេនស្គី បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិកសម្រាប់ជំនួយកន្លងមក ដែលគិតគូរពីអនាគតរបស់អ៊ុយក្រែន និងឱ្យតម្លៃសេរីភាពទូទាំងពិភពលោក៕
