ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហរដ្ឋអាមេរិកបន្តវាយអ៉ីរ៉ង់ ឯអ៉ីរ៉ង់បន្តវាយកូវ៉ែតនិងបារ៉ែន

35

អង់ការ៉ាយោធាអាមេរិក នៅថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ បាននិយាយថាខ្លួនបានបើកការវាយប្រហារថ្មីមួយទៀតលើអ៉ីរ៉ង់ ក្នុងគោលបំណងបើកចំហច្រកសមុទ្រ Hormuz តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថាកិច្ចព្រមព្រៀងឈប់បាញ់ជាមួយអ៉ីរ៉ង់ គឺបានឈានដល់ទីបញ្ចប់ហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ 

ការវាយប្រហារជុំចុងក្រោយបំផុតនេះដែលសហរដ្ឋអាមេរិកអះអាងថាជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៉ីរ៉ង់លើកប៉ាល់ពាណិជ្ជកម្ម ៣គ្រឿងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz បានបង្កស្នូរផ្ទុះក្នុងទីក្រុងជាច្រើនស្ថិតនៅតាមបណ្ដោយឆ្នេរភាគខាងត្បូង និងធ្វើឱ្យតំបន់ជាច្រើនដាច់ចរន្តអគ្គិសនី។ ក្នុងការបង្ហោះមួយលើបណ្ដាទំនាក់ទំនងសង្គម X ទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិក ហៅកាត់ថា CENTCOM បានគូសបញ្ជាក់ដូច្នេះថា «កងកម្លាំង CENTCOM បានបើកការវាយប្រហារបន្ថែមទៀតប្រឆាំងនឹងអ៉ីរ៉ង់ ដើម្បីបំបាក់សមត្ថភាពរបស់ពួកគេកុំឱ្យបន្តគំរាមកំហែងដល់សេរីភាពនៃការធ្វើនាវាចរក្នុងតំបន់ច្រកសមុទ្រ Hormuz»។ 

លោក ដូណាល់ ត្រាំ ក្នុងការបង្ហោះសារលើបណ្ដាញទំនាក់ទំនងសង្គម Truth Social ក៏បានលើកឡើងដែរថាការវាយប្រហាររបស់សហរដ្ឋអាមេរិកគឺជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៉ីរ៉ង់លើកប៉ាល់ពាណិជ្ជកម្ម ហើយប្រសិនបើការវាយប្រហារបែបនេះកើតឡើងសាជាថ្មី នោះសហរដ្ឋអាមេរិកនឹងវាយប្រហារកាន់តែខ្លាំងក្លាប្រឆាំងអ៉ីរ៉ង់។ ប៉ុន្តែអ៉ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦ បានបើកការវាយប្រហារលើគោលដៅក្នុងប្រទេសបារ៉ែន និងកូវ៉ែត បន្ទាប់ពីរងការវាយប្រហារពីសហរដ្ឋអាមេរិក។ អ៉ីរ៉ង់បានព្រមានថា ប្រទេសក្នុងតំបន់ដែលសម្រួលដល់ការវាយប្រហាររបស់សហរដ្ឋអាមេរិក នឹងក្លាយជាគោលដៅវាយប្រហារពីអ៉ីរ៉ង់។ 

គួរបញ្ជាក់ថា ថ្លែងចេញពីរដ្ឋធានីអង់ការ៉ានៃប្រទេសតួកគីយ៉េកាលពីថ្អៃអង្គារ មុនការបើកកិច្ចប្រជុំកំពូលរបស់អង្គការ NATO លោក ត្រាំ បាននិយាយថា អនុស្សរណៈយោគយល់ ដែលត្រូវបានចុះហត្ថលេខា ជាមួយអ៉ីរ៉ង់កាលពីខែមិថុនា ដើម្បីឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពផ្លូវការចុងក្រោយមួយនោះ គឺបានឈានដល់ទីបញ្ចប់ហើយ ហើយលោកមិនចង់ធ្វើប្រាស្រ័យទាក់ទងជាមួយទីក្រុងតេហេរ៉ង់ទៀតទេ។ 

កាលពីខែមិថុនា អាមេរិកនិងអ៉ីរ៉ង់ បានចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នា ដែលបម្រើជាកិច្ចព្រមព្រៀងបឋម សម្រាប់ឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមជាអចិន្រ្តៃយ៍ បន្ទាប់ពីវា ផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ នៅពេលសហរដ្ឋអាមេរិកនិងអ៉ីស្រាអែល បានរួមដៃគ្នាបើកការវាយប្រហារតាមផ្លូវអាកាស នៅទូទាំងប្រទេសអ៉ីរ៉ង់។

អត្ថបទដែលជាប់ទាក់ទង