អ៉ីរ៉ង់ព្រមានឈប់អនុវត្តកិច្ចព្រមព្រៀងទាំងស្រុងបើអាមេរិកបន្តមិនគោរពតាមការប្តេជ្ញារបស់ខ្លួន
តេហេរ៉ង់៖នាថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦ អ៉ីរ៉ង់បានព្រមានថា ខ្លួននឹងលែងអនុវត្តតាមអនុស្សរណៈយោគយល់ ដែលត្រូវបានចុះហត្ថលេខាកាលពីខែមុន ជាមួយសហរដ្ឋអាមេរិក ប្រសិនបើទីក្រុងវ៉ាស៉ីនតោន បរាជ័យគោរពតាមការប្តេជ្ញារបស់ខ្លួន ដើម្បីបិទបញ្ចប់សង្រ្គាម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ក្រោយការវាយប្រហារដាក់គ្នាជុំថ្មីបំផុត អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក Esmaeil Baqaei បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងតេហេរ៉ង់ថា «រាល់ពេលដែលភាគីម្ខាងទៀត បរាជ័យបំពេញតាមកាតព្វកិច្ចរបស់ខ្លួន យើងក៏មិនគោរពតាមកាតព្វកិច្ចរបស់យើងដែរ… យើងនឹងបន្តធ្វើសកម្មភាពដោយប្រកាន់ជំហរបែបនេះ»។
យ៉ាងណាមិញ លោក Baqaei បានបន្ថែមថា ទោះជាបែបនេះក៏ដោយ អ៉ីរ៉ង់នឹងនៅតែបន្តកិច្ចពិភាក្សាជាមួយ ក្រុមអ្នកជួយសម្រុះសម្រួលជម្លោះមកពីកាតា ប៉ាគីស្ថាន និងអូម៉ង់ ដើម្បីព្យាយាមទប់ស្កាត់កុំឱ្យសង្រ្គាមជាមួយអាមេរិក កាន់តែឡើងកម្តៅខ្លាំងថែមទៀត។
គួរបញ្ជាក់ថា ក្រោយមានភាពស្ងប់ស្ងាត់មួយរយៈ ចាប់តាំងពីអនុស្សរណៈយោគយល់ ត្រូវបានចុះហត្ថលេខា កាលពីខែមិថុនា ដើម្បីបម្រើជាកិច្ចព្រមព្រៀងបឋម ឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមជាផ្លូវការ អរិភាពរវាងអាមេរិកនិងអ៉ីរ៉ង់ ស្រាប់តែបានផ្ទុះឡើងវិញ កាលពីសប្តាហ៍មុន នៅពេលកប៉ាល់ពាណិជ្ជកម្មប៉ុន្មានគ្រឿង បានរងការវាយប្រហារនៅច្រកសមុទ្រ Hormuz ជាហេតុនាំឱ្យយោធាអាមេរិក បើកការវាយប្រហារជាថ្មីលើអ៉ីរ៉ង់ ហើយអ៉ីរ៉ង់បានឆ្លើយតបវិញ ដោយកំណត់គោលដៅលើ មូលដ្ឋានទ័ពអាមេរិក ក្នុងបណ្តាប្រទេសឈូងសមុទ្រអារ៉ាប់។ ភាគីទាំងពីរចោទគ្នាទៅវិញទៅមក អំពីការបំពានបទឈប់បាញ់ ហើយនៅតែបន្តការវាយប្រហារតបតទៅមក មកទល់ថ្ងៃចន្ទនេះ ៕
