ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រុស្ស៊ីព្រមានបាញ់កម្ទេចកងទ័ពបរទេសដែលគ្រោងចូលឈរជើងការពារអ៊ុយក្រែនក្រោយបទឈប់បាញ់

12

ម៉ូស្គូ៖ប្រទេសរុស្ស៊ី នៅថ្ងៃពុធ បានព្រមានយ៉ាងច្បាស់ថា ខ្លួននឹងមិនទទួលយកជាដាច់ខាត នូវផែនការរបស់លោកខាងលិចក្នុងការបញ្ជូន «កងទ័ពចម្រុះ» ចូលទៅឈរជើងនៅអ៊ុយក្រែន ក្រោយពេលមានបទឈប់បាញ់គ្នានោះទេ។ រុស្ស៊ីបានប្រកាសថា ខ្លួននឹងចាត់ទុកកងទ័ពបរទេសទាំងនោះថាជាការគំរាមកំហែង និងជាគោលដៅដែលត្រូវវាយប្រហារកម្ទេចចោល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការព្រមាននេះធ្វើឡើង បន្ទាប់ពីក្រុមសម្ព័ន្ធមិត្តលោកខាងលិចដែលគាំទ្រអ៊ុយក្រែន បានជួបប្រជុំគ្នានៅទីក្រុងប៉ារីសក្នុងសប្តាហ៍នេះ និងបានបញ្ជាក់សាជាថ្មីពីបំណងក្នុងការដាក់ពង្រាយកងកម្លាំងចម្រុះ ក្រោយពេលមានការបញ្ឈប់ការប្រយុទ្ធគ្នា ដើម្បីជួយធានាសុវត្ថិភាព និងជួយអ៊ុយក្រែនក្នុងការស្តារកងទ័ពរបស់ខ្លួនឡើងវិញ។ ក្រុមសម្ព័ន្ធមិត្តក៏បានបញ្ជាក់ដែរថា សមយុទ្ធយោធានឹងត្រូវរៀបចំឡើងនៅប៉ុន្មានខែខាងមុខ ដើម្បីបង្ហាញពីសមត្ថភាពរបស់កងកម្លាំងពហុជាតិសាសន៍សម្រាប់អ៊ុយក្រែននេះ។

ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា (Maria Zakharova) បានសង្កត់ធ្ងន់ប្រាប់ក្រុមអ្នកសារព័ត៌មានថា «យើងសូមបញ្ជាក់ជាថ្មីថា ការដាក់ពង្រាយកងទ័ពពីបណ្តាប្រទេសសម្ព័ន្ធមិត្តមកកាន់អ៊ុយក្រែន គឺជារឿងដែលប្រទេសរបស់យើងមិនអាចទទួលយកបានឡើយ»
លោកស្រីបានព្រមានធ្ងន់ៗថា «ខ្ញុំសូមបញ្ជាក់ម្តងទៀតថា ទង្វើនេះគឺស្មើនឹងការអន្តរាគមន៍ពីបរទេស និងជាការបង្កើនការគំរាមកំហែងដល់សន្តិសុខរបស់ប្រទេសរុស្ស៊ី។ យើងនឹងចាត់ទុកកងកម្លាំងទាំងនោះថាជាគោលដៅយោធាស្របច្បាប់របស់យើង»

អត្ថបទដែលជាប់ទាក់ទង