អាមេរិកវាយប្រហារអ៉ីរ៉ង់៧យប់ជាប់គ្នាចាប់តាំងពីលោកត្រាំប្រកាសថាបទឈប់បាញ់ឈានដល់ទីបញ្ចប់, អាមេរិកកម្ទេចប៉មឃ្លាំមើលកំពង់ផែអ៊ីរ៉ង់ខណៈអ៊ីរ៉ង់វាយបកលើមូលដ្ឋានយោធាអាមេរិកនៅក្រៅប្រទេស
វ៉ាស៉ីនតោន៖យោធាអាមេរិកបានឱ្យដឹងថា ខ្លួនបានបើកការវាយប្រហារសម្រាប់យប់ទី៧ ប្រឆាំងប្រទេសអ៉ីរ៉ង់ ចាប់តាំងពីប្រធានាធិបតី លោក ដូណាល់ ត្រាំ បានប្រកាសថា កិច្ចព្រមព្រៀងឈប់បាញ់បណ្តោះអាសន្ន បានឈានដល់ទីបញ្ចប់ ក្រោយអរិភាពរវាងប្រទេសទាំងពីរ ផ្ទុះឡើងយ៉ាងក្តៅគគុកជាថ្មី កាលពីសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នាថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦។
ទីបញ្ជាការអាមេរិក CENTCOM បាននិយាយថា ការវាយប្រហារនេះ មានគោលដៅបន្តបំផ្លាញសមត្ថភាពយោធារបស់អ៉ីរ៉ង់។ ទន្ទឹមគ្នា កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បាននិយាយថា កប៉ាល់ដឹកប្រេង២គ្រឿង បានផ្ទុះឆេះនៅច្រកសមុទ្រ Hormuz ពេលបើកឆ្លងកាត់គន្លងផ្លូវដែលមានគ្រាប់មីនក្រោមទឹក ប៉ុន្តែក្រោយមក CENTCOM បានច្រានចោលការអះអាងនេះថាជារឿងមិនពិត។ ចរាចរណ៍នៅច្រកសមុទ្រដ៏សំខាន់នេះ បានផ្អាកទៅវិញ ស្របពេលដែលអាមេរិកនិងអ៉ីរ៉ង់ បើកការវាយប្រហារសងសឹកគ្នាជាថ្មី។
កាលពីថ្ងៃសុក្រ អ៉ីរ៉ង់បានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារមូលដ្ឋានយោធាអាមេរិកជាច្រើនកន្លែង នៅពាសពេញតំបន់ឈូងសមុទ្រអារ៉ាប់ ក្នុងប្រទេសកូវ៉ែត បារ៉ែន និងហ៊្សកដានី ហើយជាលើកដំបូងនៅស៉ីរី ប៉ុន្តែការអះអាងវាយប្រហារមូលដ្ឋានអាមេរិក នៅស៉ីរីនេះ ត្រូវបានទីក្រុងវ៉ាស៉ីនតោនបដិសេធ។ រីឯនៅថ្ងៃសៅរ៍នេះ យោធាអ៉ីរ៉ង់បាននិយាយថា ខ្លួនបានបន្តវាយប្រហារគោលដៅយោធាអាមេរិក នៅកូវ៉ែតនិងហ៊្សកដានី។ ទីក្រុងវ៉ាស៉ីនតោន ក៏បានបដិសេធផងដែរ នូវការអះអាងរបស់ទីក្រុងតេហេរ៉ង់ ដែលថាកងកម្លាំងរបស់ខ្លួន បានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធនៅអ៉ីរ៉ង់។
គួរបញ្ជាក់ថា អាមេរិកនិងអ៉ីរ៉ង់បានបន្តវាយប្រហារសងសឹកគ្នាទៅមកជាប់រាល់ថ្ងៃ ចាប់តាំងពីកិច្ចចរចាបានដួលរលំ ខណៈភាពតានតឹងជុំវិញអនាគតច្រកសមុទ្រ Hormuz បានរារាំងកិច្ចខិតខំប្រឹងប្រែង ដើម្បីឆ្ពោះទៅស្វែងរកការបិទបញ្ចប់សង្រ្គាមជាអចិន្រ្តៃយ៍ ចាប់តាំងពីវាផ្ទុះឡើងកាលពីចុងខែកុម្ភៈ ឆ្នាំនេះ នៅពេលសហរដ្ឋអាមេរិកបានរួមដៃជាមួយអ៉ីស្រាអែល បើកការវាយប្រហារលើអ៉ីរ៉ង់។
យោធាសហរដ្ឋអាមេរិកបានប្រកាសនៅថ្ងៃសុក្រថា ខ្លួនបានវាយកម្ទេចប៉មឃ្លាំមើលរបស់កំពង់ផែ Chabahar នៅក្នុងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍។ បញ្ជាការដ្ឋានកណ្តាលអាមេរិក (Centcom) បានបញ្ជាក់ថា ប៉មនេះត្រូវបានកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) ប្រើប្រាស់សម្រាប់តាមដាន និងកំណត់គោលដៅវាយប្រហារលើនាវាពាណិជ្ជកម្ម ដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស។ នេះបើតាមការចេញផ្សាយដោយបណ្តាញព័ត៌មានអន្តរជាតិ។
ជាការឆ្លើយតប ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា កងកម្លាំង IRGC បានបើកការវាយប្រហារសងសឹកទៅលើទីបញ្ជាការកងប្រតិបត្តិការពិសេសរបស់អាមេរិក នៅប្រទេសស៊ីរី ព្រមទាំងបានវាយប្រហារលើប្រព័ន្ធរ៉ាដា និងយន្តហោះយោធាអាមេរិកនៅប្រទេសកាតា និងប្រទេសហ្សកដានីផងដែរ ដោយអះអាងថាបានកម្ទេចយន្តហោះអាមេរិកជាច្រើនគ្រឿង។
ទន្ទឹមនឹងនេះ ក្រសួងអគ្គិសនីគូវ៉ែត ក៏បានបញ្ជាក់ដែរថា ស្ថានីយផលិតអគ្គិសនី និងចម្រោះទឹកសាបរបស់ខ្លួន បានរងការវាយប្រហារពីអ៊ីរ៉ង់ ដែលបណ្តាលឱ្យមានការឆាបឆេះ និងរំខានដល់ប្រតិបត្តិការ។ ទោះជាយ៉ាងណា ជុំវិញការអះអាងពីការវាយប្រហាររបស់អ៊ីរ៉ង់ទាំងនេះ ទីភ្នាក់ងារសារព័ត៌មាន Reuters មិនទាន់អាចបញ្ជាក់ពីភាពត្រឹមត្រូវនៅឡើយទេ ខណៈដែលយោធាអាមេរិកក៏មិនទាន់មានការឆ្លើយតបភ្លាមៗនោះដែរ៕
