ចិនចេញការពារកម្ពុជាចំពោះជំហរប្រកាន់យកគោលការណ៍ «ចិនតែមួយ» ក្រោយកោះតៃវ៉ាន់រឹតបន្តឹងទិដ្ឋាការលើពលរដ្ឋកម្ពុជា
ចិន៖លោក លីន ជៀន ( Lin Jian) អ្នកនាំពាក្យក្រសួងការបរទេសចិន នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ បានចេញមកការពារកម្ពុជា ចំពោះការប្រកាន់យកគោលការណ៍ «ចិនតែមួយ»ក្រោយពេលដែលកោះតៃវ៉ាន់រឹតត្បិតទិដ្ឋាការសម្រាប់ពលរដ្ឋកម្ពុជា។
ថ្លែងក្នុងសន្និសីទប្រចាំថ្ងៃ អ្នកនាំពាក្យក្រសួងការបរទេសរូបនេះ បានលើកឡើងថា កោះតៃវ៉ាន់ គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានពីទឹកដីចិន។ នេះគឺជាការឯកភាពគ្នា ជាទូទៅនៅ ក្នុងសហគមន៍អន្តរជាតិ។ ការដែលអាជ្ញាធរកោះតែវ៉ាន់ ឆ្លៀតឱកាសប្រើប្រាស់វិធានការ ដើម្បីដាក់សម្ពាធទៅលើប្រទេសដទៃទៀតនោះ គឺជាសកម្មភាពប្រឈមមុខដោយចំហ ចំពោះគោលការណ៍ «ចិនតែមួយ» ដែលជាគោលការណ៍គ្រឹះនៃទំនាក់ទំនងអន្តរជាតិ ហើយវាបានលាតត្រដាងម្តងហើយ ម្តងទៀតនូវធម្មជាតិដ៏អាក្រក់ ដើម្បី«ឯករាជ្យភាពតៃវ៉ាន់»។
លោកសង្កត់ធ្ងន់ថា «ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ចំពោះការគោរពនូវគោលការណ៍ «ចិនតែមួយ» គឺបានបង្ហាញយ៉ាងច្បាស់ថា យុទ្ធសាស្ត្របំបែករដ្ឋរបស់អាជ្ញាធរកោះតៃវ៉ាន់ គឺមិនទទួលបានការគាំទ្រឡើយ ហើយនឹងមិននាំទៅរកលទ្ធផលល្អអ្វីនោះទេ។ យើងសូមផ្ញើសារទៅកាន់កោះតៃវ៉ាន់ថានិន្នាការប្រវត្តិសាស្ត្រ គឺមិនអាចបញ្ឈប់បានឡើយ ហើយការចង់ឱ្យ «កោះតៃវ៉ាន់» មានឯករាជ្យ គឺជាផ្លូវទាល់ច្រក»។
សូមជម្រាបថា កម្ពុជានឹងដកចេញពីកម្មវិធីលើកលែងទិដ្ឋាការ របស់តៃវ៉ាន់ចំនួនទាំងពីរ រួមមានគម្រោង Guanhong ដែលមានគោលបំណងសម្រួលនីតិវិធីស្នើសុំទិដ្ឋាការ សម្រាប់ក្រុមអ្នកទេសចរ និង កម្មវិធីវិញ្ញាបនបត្រអនុញ្ញាតធ្វើដំណើរ (Travel Authorisation Certificate) ដែលផ្តល់ដល់អ្នកដំណើរ នូវការចូលដោយមិនចាំបាច់ស្នើសុំទិដ្ឋាការជាមុន ក្នុងលក្ខខណ្ឌមួយចំនួន។ ពលរដ្ឋកម្ពុជានឹងលែងមានសិទ្ធិប្រើប្រាស់កម្មវិធីទាំងពីរនេះ ចាប់ពីថ្ងៃទី១ ខែសីហាតទៅ៕
