ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញបានជម្រាបទូតបារាំងថា់៖ចំពោះកិច្ចការពារសន្តិសុខ សុវត្ថិភាព ក្នុង​ការ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​ហ្រ្វង់កូហ្វូនី​ ជាពិសេស​សម្រាប់​ឯកឧត្ដម​ប្រធានាធិបតីបារាំង​ អេម៉ានុយអែល ម៉ាក្រុង នៅខែវិច្ឆិកាឆ្នាំ២០២៦ខាងមុខ គឺ​រដ្ឋបាលរាជធានីភ្នំពេញ​បានត្រៀមរួចរាល់ហើយ

13

ភ្នំពេញ៖​ ឯកឧត្តម អូលីវិយេ រីស្ហា ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា 

បានលើកឡើងថា៖ ក្នុងជំនួបរវាងប្រធានាធិបតីបារាំង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង  និងសម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីកម្ពុជា នៅខែវិច្ឆិកាឆ្នាំ២០២៦ខាងមុខនេះ នឹងធ្វើឱ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកាន់តែល្អ ប្រសើរមួយកម្រិតថែមទៀត ខណៈដែលប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ។

   ការលើកឡើងបែបនេះរបស់ ឯកឧត្តម អូលីវិយេ រីស្ហា បានធ្វើឡើងនារសៀលថ្ងៃទី២៣កក្កដាខណៈឯកឧត្តម ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ  ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។

  ឯកឧត្តម អូលីវិយេ រីស្ហា បានមានប្រសាសន៍លើកឡើងថា៖ កាលពី៣០ឆ្នាំមុនឯកឧត្តមបានមករាជធានីភ្នំពេញម្តង បើប្រៀបធៀបរាជធានីភ្នំពេញកាលពី៣០ឆ្នាំមុននិងពេលនេះ គឺខុសគ្នាខ្លាំងណាស់ រាជធានីភ្នំពេញមានការផ្លាស់ប្តូរខ្លាំងនិងទំនើប។ បារាំងបានជួយកម្ពុជាច្រើន ដូចជា​៖​ វិស័យទឹកស្អាត អគ្គីសនី​ និងវិស័យផ្សេងទៀត។ លោកអគ្គរដ្ឋទូតក៏បាន​បន្តទៀត​ថា​ បារាំងនឹងនៅតែ​បន្តសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញជាពិសេស​ តាមរយៈ​ទីភ្នាក់ងារ បារាំងសម្រាប់អភិវឌ្ឍន៍ AFD ប្រចាំប្រទេសកម្ពុជា​ដែល​បាន​និង​កំពុង​ពិភាក្សាលើបញ្ហាគ្រប់ទ្រងទឹកកខ្វក់នៅភាគ​ខាងជើង​រាជធានីភ្នំពេញ​ ហេីយ​បើទោះជា​ពេល​នេះមិនទាន់ធ្វើកិច្ចសន្យាអ្វីបាន ប៉ុន្តែនឹងមានMoUមួយ មុននឹងប្រធានាធិបតីបារាំង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង មកធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា នៅខែវិច្ឆិកាឆ្នាំ២០២៦ខាងមុខ។

  ជាការឆ្លើយតបឯកឧត្តម​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅក្នុងជំនួបសំដែងការគួសមនោះបានលើកឡើងពីស្ថានភាពទូទៅរបស់រាជធានីភ្នំពេញ ពិសេសការរីកចំរើនរបស់រាជធានីភ្នំពេញ លើគ្រប់វិស័យ នាប៉ុន្មានឆ្នាំចុងក្រោយនេះ។

 ឯកឧត្តម​ ឃួង ស្រេង បានមានប្រសាសន៍ថា៖ ៣០ឆ្នាំកន្លងមកនេះ បារាំងបានជួយរាជធានីភ្នំពេញច្រើនទាំង​បញ្ហាទឹកស្អាត​ អគ្គិសនីនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។បន្ថែមពីនេះបារាំងក៏បានជួយជ្រោមជ្រែងយ៉ាងខ្លាំង ក្នុងការនាំយកសន្តិភាពមកឱ្យកម្ពុជា តាមរយៈកិច្ចចរចារ សន្តិភាពនៅទីក្រុងប៉ារីស។​ ជាមួយ​គ្នា​នេះ​ដែរ​ ឯកឧត្ដម​អភិបាល​បាន​ជម្រាប​ជូន​ឯកឧត្តម​ឯកអគ្គ​រដ្ឋ​ទូត​ថា​ ចំពោះកិច្ចការពារសន្តិសុខ សុវត្ថិភាព ក្នុង​ដំណើរការ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​ហ្រ្វង់កូហ្វូនី​ ជាពិសេស​សម្រាប់​ឯកឧត្ដម​ប្រធានាធិបតីបារាំង​ អេម៉ានុយអែល ម៉ាក្រុង នៅខែវិច្ឆិកាឆ្នាំ២០២៦ខាងមុខ គឺ​រដ្ឋបាលរាជធានីភ្នំពេញ​បានត្រៀមរួចរាល់ហើយ៕

អត្ថបទដែលជាប់ទាក់ទង