ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហរដ្ឋអាម៉េរិក ៖កម្ពុជាជាប្រទេសសំខាន់មួយក្នុងភាពជាដៃគូជាមួយសហរដ្ឋអាម៉េរិក ,ប្ដេជ្ញាបន្តពូនជ្រំកិច្ចសហប្រតិបត្តិការការពារជាតិជាមួយកម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត

41

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យ លោក Elbridge A. Colby អនុរដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាម សហរដ្ឋអាម៉េរិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនោះលោកអនុរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគី សហរដ្ឋអាម៉េរិក-កម្ពុជា ជាពិសេស ក្នុងវិស័យការពារជាតិ។

 លោក Elbridge A. Colby បានគូសបញ្ជាក់ថា សហរដ្ឋអាម៉េរិកប្រកាន់ខ្ជាប់នូវកិច្ចសហប្រតិបត្តិការដែលឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក, គោរពអធិបតេយ្យភាព និងផលប្រយោជន៍រួម។ 

លោកអនុរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កម្ពុជាជាប្រទេសសំខាន់មួយក្នុងភាពជាដៃគូជាមួយសហរដ្ឋអាម៉េរិក ហើយសហរដ្ឋអាម៉េរិក នឹងបន្តពូនជ្រំកិច្ចសហប្រតិបត្តិការការពារជាតិជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត។

ជាការឆ្លើយតប, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញនូវសេចក្តីសោមនស្សរីករាយចំពោះវឌ្ឍនភាពវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក រួមទាំងក្នុងវិស័យការពារជាតិ។ 

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះការបន្តនូវកិច្ចសហប្រតិបត្តិការជាច្រើន ក្នុងវិស័យយោធារវាងប្រទេសទាំងពីរ ព្រមទាំងបានប្ដេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែរីកចម្រើនថែមទៀត។ 

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃដំណើរការត្រៀមរៀបចំ សមយុទ្ធយោធា «ឆ្មាំអង្គរ» (Angkor Sentinel) ដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំ២០២៧ ក៏ដូចជាការបន្តកិច្ចសហប្រតិបត្តិការលើការពង្រឹងសមត្ថភាពកងទ័ពកម្ពុជា។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា សមយុទ្ធ និងការបណ្ដុះបណ្ដាល មិនត្រឹមតែពង្រឹងសមត្ថភាពប៉ុណ្ណោះទេ ថែមទាំងជាស្ពានកសាងមិត្តភាពជិតស្និទរវាងកងទ័ពនៃប្រទេសទាំងពីរ។  

ក្នុងឱកាសនោះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ប្រធានាធិបតី Donald J. Trump ក៏ដូចជារដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដែលបានជួយសម្របសម្រួលឱ្យមានបទឈប់បាញ់ កន្លងមក និង សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រមទាំង បន្តយកចិត្តទុកដាក់ចំពោះការកសាងសន្តិភាពរវាងកម្ពុជា និងថៃ។

មុននឹងបញ្ចប់, សម្តេចបវរធិបតី បានជម្រាបជូនអនុរដ្ឋមន្ត្រី នៃក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយបានគូសរំលេចអំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានាដែលមានស្រាប់រវាងប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង