ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្រ្តីម្ចាស់ហាងទូរស័ព្ទជេរទាហានជួរមុខត្រូវបានចោទប្រកាន់ពីបទ «ធ្វើឲ្យខូចទឹកចិត្តកងទ័ពនិងប្រមាថចំពោះអ្នករាជការសាធារណៈ»

35

ភ្នំពេញ៖តំណាងអយ្យការបានសម្រេចចោទប្រកាន់ជាផ្លូវការលើស្រ្តីដែលជេរប្រមាថទាហានជួរមុខ ពីបទ «ធ្វើឲ្យខូចទឹកចិត្តកងទ័ព» និង «ប្រមាថចំពោះអ្នករាជការសាធារណៈ»។ ការចោទប្រកាន់នេះ យោងតាមមាត្រា៤៧២ និងមាត្រា៥០២ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

លោក ប្លង់ សុផល អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ថា  «ករណីនេះត្រូវបានតំណាងអយ្យការសម្រេច ចោទប្រកាន់ជនសង្ស័យខាងលើតាមនីតិវិធីបើកការស៊ើបសួរពីបទ៖ ធ្វើឲ្យខូចទឹកចិត្តកងទ័ព និងប្រមាថចំពោះអ្នករាជការសាធារណៈ តាមមាត្រា៤៧២ និងមាត្រា៥០២ នៃក្រមព្រហ្មទណ្ឌ»

តាមការចោទប្រកាន់តាមមាត្រាខាងលើ ស្រ្តីរូបនេះអាចប្រឈមជាប់ពន្ធនាគារពី ២ ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាទឹកប្រាក់ពី ៤ លាន ទៅ ១០លានរៀល។ 

សូមជម្រាបថា នៅវេលាម៉ោងប្រមាណជិត ៨ព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ កម្លាំងនគរបាលរាជធានីភ្នំពេញ បាននាំខ្លួនស្ត្រីជាម្ចាស់ហាងទូរស័ព្ទឈ្មោះ ចិន្តា សុវណ្ណារី ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងបំភ្លឺជុំវិញករណីដែលត្រូវបានចោទប្រកាន់ថា បានជេរប្រមាថទៅលើកងទ័ពជួរមុខ។ 

ការនាំខ្លួនស្ត្រីរូបនេះ ធ្វើឡើងបន្ទាប់ពី ស្ត្រីជាម្ចាស់ហាងទូរស័ព្ទខាងលើ បានប្រើប្រាស់ពាក្យសម្តីមិនសមរម្យ និងជេរប្រមាថខ្លាំងៗដល់កងទ័ពដែលកំពុងបំពេញភារកិច្ចការពារជាតិរឿងទិញទូរស័ព្ទមួយគ្រឿង។

ករណីនេះបានបង្កឱ្យមានការភ្ញាក់ផ្អើល និងប្រតិកម្មពីសាធារណជនពេញបណ្តាញសង្គម ដែលយល់ថា ការប្រមាថដល់កងទ័ពជួរមុខ គឺជាទង្វើដែលមិនអាចទទួលយកបាន៕

អត្ថបទដែលជាប់ទាក់ទង