ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការខេត្តព្រះវិហារយកចិត្តទុកដាក់គ្រប់ជំហានដើម្បីធានាគុណភាពផ្លូវ

35

ព្រះវិហារ៖មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ កំពុងបន្តយកចិត្តទុកដាក់លើការជួសជុល និងថែទាំបណ្តាញផ្លូវដែលស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរ ដោយផ្តោតសំខាន់លើគុណភាព និងស្តង់ដារបច្ចេកទេស ដើម្បីធានាឱ្យផ្លូវមានភាពរឹងមាំ ប្រើប្រាស់បានយូរ និងផ្តល់ភាពងាយស្រួល និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផលផ្សេងៗ។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងនៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះថា ក្នុងដំណើរការជួសជុលផ្លូវ ការយកចិត្តទុកដាក់លើគ្រប់ដំណាក់កាលបច្ចេកទេស គឺជាកត្តាសំខាន់មួយដែលមិនអាចមើលរំលងបាន។ ជាក់ស្តែង ការលាងសម្អាតថ្ម M12 និង M19 ឱ្យបានស្អាតល្អ មុននឹងយកទៅក្រាលលើផ្ទៃផ្លូវដែលបានស្រោចកៅស៊ូរួច គឺជាដំណាក់កាលដ៏សំខាន់ ដើម្បីធានាឱ្យកៅស៊ូចាប់ស្អិតបានល្អជាមួយថ្ម។

លោក សំ លាងទ្រី បានបញ្ជាក់ថា សម្រាប់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ការងារលាងសម្អាតថ្ម M12 និង M19 ឱ្យបានស្អាតល្អមុននឹងយកទៅក្រាលលើផ្ទៃផ្លូវដែលស្រោចកៅស៊ូរួច គឺជាដំណាក់កាលបច្ចេកទេសដ៏សំខាន់បំផុត ដើម្បីធានាឱ្យកៅស៊ូចាប់ស្អិតបានល្អជាមួយថ្ម និងពង្រឹងគុណភាពផ្លូវឱ្យរឹងមាំជាប់បានយូរ។

លោកប្រធានមន្ទីរបានបន្ថែមថា ការជួសជុល និងថែទាំផ្លូវ មិនមែនគ្រាន់តែធ្វើឱ្យផ្លូវអាចធ្វើដំណើរបានឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែត្រូវធានាឱ្យការងារមានគុណភាព និងអាចទប់ទល់នឹងការប្រើប្រាស់រយៈពេលវែង។ ដូច្នេះមន្ទីរតែងតែត្រួតពិនិត្យ និងយកចិត្តទុកដាក់លើគុណភាពសម្ភារៈ ព្រមទាំងបច្ចេកទេសនៃការងារនៅគ្រប់ដំណាក់កាល។

លោកបានបញ្ជាក់ទៀតថា ការងារនេះស្របតាមការណែនាំពីឯកឧត្ដមប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្ដមគីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដែលបានជំរុញឱ្យមន្ត្រីជំនាញ និងអង្គភាពមន្ទីរសាធារណការខេត្ត យកចិត្តទុកដាក់លើការថែទាំ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដោយត្រូវផ្តោតលើគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព ដើម្បីឱ្យផ្លូវដែលបានសាងសង់ និងជួសជុលអាចប្រើប្រាស់បានយូរអង្វែង។

លោក សំ លាងទ្រី បានបន្ថែមទៀតថា មន្ទីរនឹងបន្តតាមដានស្ថានភាពផ្លូវដែលស្ថិតក្រោមការគ្រប់គ្រង និងបន្តចុះពិនិត្យជាប្រចាំ ដើម្បីរកឃើញចំណុចខូចខាត និងចាត់វិធានការជួសជុលឱ្យបានទាន់ពេលវេលា។ គោលដៅសំខាន់ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរបានដោយស្រួល សុវត្ថិភាព និងកាត់បន្ថយការលំបាកក្នុងការដឹកជញ្ជូន ជាពិសេសនៅរដូវវស្សា។

លោកថ្លែងបញ្ជាក់យ៉ាងដូច្នេះទៀតថា ការយកចិត្តទុកដាក់លើរាល់ដំណាក់កាលបច្ចេកទេស ចាប់ពីការរៀបចំសម្ភារៈ ការលាងសម្អាតថ្ម ការស្រោចកៅស៊ូ រហូតដល់ការក្រាល និងបង្ហាប់ គឺជាកត្តាសំខាន់ក្នុងការធានាថា ការជួសជុលផ្លូវមួយខ្សែមិនត្រឹមតែធ្វើឱ្យប្រើប្រាស់បានក្នុងពេលបច្ចុប្បន្ន ប៉ុន្តែអាចរក្សាគុណភាព និងភាពរឹងមាំបានយូរអង្វែង ស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្តព្រះវិហារ៕

អត្ថបទដែលជាប់ទាក់ទង