ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចិន៖ការដាក់ទណ្ឌកម្មនិងសម្ពាធរបស់អាមេរិកលើអ៉ីរ៉ង់មិនមែនជាដំណោះស្រាយទេ

24

ប៉េកាំង៖នៅថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ ចិនបាននិយាយថា «ការដាក់ទណ្ឌកម្ម និងការដាក់សម្ពាធ» របស់សហរដ្ឋអាមេរិក នឹងមិនអាចដោះស្រាយជម្លោះនៅមជ្ឈិមបូព៌ាបានទេ។ ការលើកឡើងនេះ គឺបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានអំពាវនាវឱ្យរដ្ឋាភិបាលនានា រួមទាំងទីក្រុងប៉េកាំង ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់ផ្តាច់សេដ្ឋកិច្ចរបស់អ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

សហរដ្ឋអាមេរិកបានប្តេជ្ញាថា ខ្លួននឹងធ្វើឱ្យរបបអអ៉ីរ៉ង់ដួលរលំ តាមរយៈយុទ្ធនាការដាក់សម្ពាធដែលខ្លួនបានគំរាមអនុវត្ត ខណៈទីក្រុងតេហេរ៉ង់ បានហៅយុទ្ធនាការនេះ ជាអំពើភេរវកម្មសេដ្ឋកិច្ច ហើយថាវានឹងទទួលបរាជ័យ ស្របពេលដែលសង្គ្រាមរវាងភាគីទាំងពីរ បន្តអូសបន្លាយជិត៦ខែមកហើយ។

នៅពេលត្រូវបានសាកសួរ អំពីការគំរាមរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសុក្រនេះថា «ការដាក់ទណ្ឌកម្មនិងការដាក់សម្ពាធ នឹងមិនអាចជួយដោះស្រាយបញ្ហានេះបានទេ»។ លោកបានបន្តថា «ចិនអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ ចាត់វិធានការប្រកបដោយការទទួលខុសត្រូវ និងដោះស្រាយបញ្ហាតាមរយៈមធ្យោបាយនយោបាយ និងការទូត»

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បាននិយាយការពារម្តងហើយម្តងទៀត គោលនយោបាយរបស់លោក Trump ក្នុងការដាក់សម្ពាធសេដ្ឋកិច្ចលើទីក្រុងតេហេរ៉ង់។ នៅពេលត្រូវបានសួរថា តើអាមេរិកនឹងដាក់សម្ពាធលើចិន ឱ្យចូលរួមក្នុងយុទ្ធនាការនេះ ដែរឬទេ លោក Bessent បានឆ្លើយតបថា «ការសន្ទនាជាច្រើន គឺប្រសើរបំផុត គួរតែធ្វើឡើងជាសម្ងាត់» ប៉ុន្តែរូបលោកបានអំពាវនាវឱ្យទីក្រុងប៉េកាំងចូលរួមជាមួយអាមេរិក។

គួរបញ្ជាក់ថា នៅពេលត្រូវបានសួរអំពីសម្តីរបស់លោក Bessent អ្នកនាំពាក្យចិន បានបញ្ជាក់ជាថ្មីពីភាពចាំបាច់ឱ្យភាគីទាំងអស់ ចាត់វិធានការប្រកបដោយការទទួលខុសត្រូវ ដើម្បីដោះស្រាយបញ្ហាសង្គ្រាម។ លោក Lin បាននិយាយដូច្នេះថា «ចិនប្រឆាំងនឹងការដាក់ទណ្ឌកម្មឯកតោភាគីខុសច្បាប់ ដែលគ្មានមូលដ្ឋានក្នុងច្បាប់អន្តរជាតិ និងដែលមិនត្រូវបានអនុញ្ញាតដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»

អត្ថបទដែលជាប់ទាក់ទង