ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិវាទដីធ្លី ប្រជាពលរដ្ឋ ជាង៤០០គ្រួសារ ជាមួយក្រុមហ៊ុនចំការកៅស៊ូមេមត់ បញ្ឈប់ការឡើងមកតវ៉ានៅរាជធានីភ្នំពេញ ដើម្បីដោះស្រាយនៅមូលដ្ឋាន

105

ភ្នំពេញៈ ប្រជាពលរដ្ឋប្រាណ៤០០គ្រួសារ ពាក់ព័ន្ធនឹងការទាមទារដីរដ្ឋ ដែលផ្តល់សម្បទានសេដ្ឋកិច្ចជូនក្រុមហ៊ុនចំការកៅស៊ូមេមត់ ស្ថិតក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដែលឡើងមកតវ៉ានៅរាជធានីភ្នំពេញ បានយល់ព្រមត្រឡប់ទៅខេត្តក្រចេះវិញហើយ កាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ បន្ទាប់ពីមានការឯកភាពគ្នារវាងតំណាងប្រជាពលរដ្ឋ ជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សាលារាជធានីភ្នំពេញ និងអាជ្ញាធរខេត្ត។

ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សាលារាជធានីភ្នំពេញ និងអាជ្ញាធរខេត្តក្រចេះ បានជួបគ្នាដើម្បីរកដំណោះស្រាយ កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នេះ នៅវត្តសាមគ្គីរង្ស៊ី ស្ថិតនៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី១១ ខែមករា បានឲ្យដឹងថា ប្រជាពលរដ្ឋបាលយល់ព្រមត្រឡប់ទៅមូលដ្ឋានវិញ ដើម្បីសហការជាមួយក្រុមការងារ និងអាជ្ញាធរមូលដ្ឋានក្នុងការពិនិត្យទីតាំងដីដែលលអាជ្ញាធរខេត្តបានកំណត់សម្រាប់បែងចែកតាមនីតិវិធីដីសម្បទានសង្គមកិច្ច នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ និងយល់ព្រមទទួលការបែងចែកដីសម្បទានសង្គមកិច្ច ទំហំ២ហិកតា ក្នុងមួយគ្រួសារ ដែលត្រូវចាត់ចែងតាមនីតិវិធីសម្បទានសង្គមកិច្ច។

ជាមួយគ្នានេះ តំណាងប្រជាពលរដ្ឋបានសន្យាថា រាល់ការបដោះស្រាយវិវាទខាងលើនេះ ត្រូវអនុវត្តនៅក្នុងមូលដ្ឋានស្រុកស្នួល ខេត្តក្រចេះ បញ្ឈប់ការឡើងមកតវ៉ានៅរាជធានីភ្នំពេញ ដែលបង្កឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងទប់ស្កាត់ការចូលទន្ទ្រានដីរដ្ឋ ការញុះញង់ និងការក្លែងបន្លំព័ត៍មានមិនពិតដែលបង្កឲ្យយឺតយ៉ាវដល់ដំណើរការដោះស្រាយ ក្នុងករណីបើមានត្រូវប្រឈមមុខចំពោះមុខច្បាប់ជាធរមាន។

ទាក់ទងករណីនេះ ប្រជាពលរដ្ឋមួយចំនួនដែលឡើងមកតវ៉ាបាននិយាយថា ពួកគាត់មកតាមគេហៅឲ្យមកតវ៉ានៅភ្នំពេញ ដើម្បីទទួលបានដីធ្លី និងបានសារភាពថា ពួកគាត់បានកាប់ទន្ទ្រានដីរបស់ក្រុមហ៊ុនពិតប្រាកដមែន ដោយពីដំបូងឡើយមិនបានដឹង។
ចំណែកលោកទូច ឌុល តំណាងប្រជាពលរដ្ឋបានថ្លែងបញ្ជាក់ថា “ពួកខ្ញុំទទួលស្គាល់កំហុសថា ពួកខ្ញុំពិតជាបានទៅកាប់ទន្ទ្រានដីរដ្ឋពិតប្រាកដមែន បើសិនជាដីក្រុមហ៊ុនគាត់ការពារហើយ មិនមែនឲ្យពួកខ្ញុំទៅកាប់ទន្ទ្រានរហូតដល់ទៅមានផ្ទះសម្បែងទេ”។

រីឯលោកភិន ធា តំណាងប្រជាពលរដ្ឋបានបញ្ជាក់ដែរថា “ពួកខ្ញុំទទួលសារភាពថា ពិតជាបានកាប់ទន្ទ្រានលើដីនោះមែន មិនមែនទៅយកដីស្រឡះទេ។ ចំពោះប្រជាពលរដ្ឋដែលចំណាកស្រុកពីតាមបណ្តាខេត្តផ្សេងៗ មកកាប់ឆ្ការទន្ទ្រានដីនេះ គឺមានមកពី១៥ខេត្ត មានដូចជា ខេត្តកោះកុង កំពង់ស្ពឺ បាត់ដំបង ព្រៃវែង តាកែវ ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ …។ ហើយការកាប់ទន្ទ្រានដីនេះ គឺដោយសារតែពួកគាត់អត់មានដី”។

រដ្ឋបាលខេត្តក្រចេះ បានអោយដឹងថា ប្រជាពលរដ្ឋដែលមកតវ៉ានៅវត្តសាមគ្គីរង្សី រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការទាមទារដីរដ្ឋ ដែលផ្តល់សម្បទានសេដ្ឋកិច្ចជូនក្រុមហ៊ុនចំការកៅស៊ូមេមត់ ស្ថិតក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ រហូតមកដល់ពេលនេះ ក្រុមការងារបានទទួលពាក្យរបស់ប្រជាពលរដ្ឋពាក់ព័ន្ធទាំងអស់ចំនួន ១៥៤៨គ្រួសាររួចហើយ ដើម្បីបន្តពិនិត្យអត្តសញ្ញាណ និង អនុវត្តនីតិវិធីផ្តល់ដីជូនតាមគោលការណ៍ដីសម្បទានសង្គមកិច្ច។ នេះសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨។

រដ្ឋបាលខេត្តក្រចេះ បានលើកឡើងថា មានជនបង្កការញុះញង់ កៀងគរប្រជាពលរដ្ឋមួយចំនួន ឡើងមកតវ៉ានៅរាជធានីភ្នំពេញ ដែលធ្វើអោយរាំងស្ទះដល់ដំណើរការអនុវត្តនីតិវិធីផ្តល់ដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋដែលកំពុងរង់ចាំ និងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ៕

អត្ថបទដែលជាប់ទាក់ទង