ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្លាប់១៥នាក់ និងម្នាក់របួសធ្ងន់​ ករណី​ធ្លាក់​យន្តហោះ​​ Boeing 707 នៅក្បែរទីក្រុង​តេហេរ៉ង់

105

(តេហេរ៉ង់)៖  យ៉ាងហោច​ណាស់ មនុស្ស១៥នាក់ បានស្លាប់​នៅក្នុងករណីធ្លាក់​យន្ដហោះដឹក​ជញ្ជូន Boeing 707 នៅឯទីក្រុង​ខារ៉ាច (Karaj ) ស្ថិតនៅ​ភាគឦសាន ប្រទេសអ៊ីរ៉ង់ ក្បែររដ្ឋធានីតេហេរ៉ង់​ នៅក្នុងថ្ងៃចន្ទនេះ ដោយវាបានធ្លាក់បុកចំ​លំនៅឋាន​ប្រជាជន​មួយខ្នង។ នេះបើតាម IRNA ដកស្រង់ដោយ​ទីភ្នាក់ងារសារព័ត៌មាន​ចិនស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩។
ទីភ្នាក់ងារ​សារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA បានឱ្យដឹងទៀតថា យន្ដហោះខាង​មានផ្ទុកមនុស្ស ១៦នាក់ និងទំនិញជាច្រើន​បានធ្លាក់ចំតំបន់​ទីប្រជុំជនមួយ កន្លែង​ចំងាយ ៤៥គីឡូម៉ែត្រ​ពីទីក្រុងតេហេរ៉ង់។ យន្ដហោះ Boeing 707 នេះបានធ្វើ​ដំណើរចាកចេញ​ពីទីក្រុង ប៊ីសខិក (Bishkek) នៃប្រទេសកៀហ្ស៊ីស៊ីស្ថាន (Kyrgyzstan) ក្នុងគោល​បំណងដឹកសាច់រាប់តោន​ទៅកាន់ប្រទេសអ៊ីរ៉ង់ ហើយវាគឺជា​កម្មសិទ្ធិរបស់​ក្រុមហ៊ុន អាកាសចរណ៍​កៀហ្ស៊ី (Kyrgyz airline)។

វិស្វករយន្តហោះតែម្នាក់ប៉ុណ្ណោះ​ ត្រូវបានគេ​អះអាងថា នៅមានជីវិត តែស្ថិត​ក្នុងស្ថានភាព​​របួសធ្ងន់ធ្ងរ។ អាជ្ញាធរអ៊ីរ៉ង់​សន្មតថា អាកាសធាតុអាក្រក់​អាចជាមូលហេតុ នៃគ្រោះ​ថ្នាក់ធ្លាក់​យន្ដហោះ​នេះ ព្រោះយន្តហោះ​ហាក់​ដូចជាបាន​ចុះខុសផ្លូវ រួចរអិល​​ទៅបុករបង​ព្រលាន ហើយធ្លាយ​ទៅជល់នឹងផ្ទះ​​ប្រជាជនមួយ​ខ្នងទៀត។ ក្រុម​សង្គ្រោះ​ក៏បានធ្វើការពិនិត្យផ្ទះ​របស់ប្រជាជន ដែលត្រូវបានយន្តហោះបុកចំផងដែរ ប៉ុន្តែ​ផ្ទះនោះ​ពុំមានមនុស្សរស់នៅនោះទេ៕

អត្ថបទដែលជាប់ទាក់ទង