ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជប៉ុនទទួលជោគជ័យ ក្នុងការបាញ់បង្ហោះគ្រាប់រ៉ុក្កែតថ្មី ផ្ទុកផ្កាយរណបសរុប៧គ្រឿង ទៅកាន់គន្លងតារាវិថី

107


ជប៉ុន៖ រដ្ឋាភិបាលក្រុងតូក្យូ បានបាញ់បង្ហោះរ៉ុក្កែត Epsilon-4 នៅក្នុងថ្ងៃសុក្រទី១៨មករានេះ ដោយវាបាននាំយកផ្កាយរណបតូចៗចំនួន៧គ្រឿង ចេញពីមជ្ឈមណ្ឌលអវកាស Uchinoura ស្ថិតនៅក្នុងខេត្ត Kagoshima ភាគនិរតីប្រទេស ឡើងទៅកាន់គន្លងតារាវិថីប្រកបដោយជោគជ័យ ក្នុងនោះមានមួយគ្រឿងអាចបង្កើតព្រឹត្តិការណ៍ទេពច្យុតសិប្បនិម្មិតបាន ។

នេះគឺជាការបាញ់បង្ហោះផ្កាយ លើកចុងក្រោយបំផុត របស់ជប៉ុន និងត្រូវបានធ្វើឡើង បន្ទាប់ពីមានការដាក់ចេញ នូវវិធានការថ្មីមួយដែលជម្រុញឱ្យមានការអភិវឌ្ឍ សកម្មភាពនៅទីអវកាស ដោយមានការចូលរួមពីវិស័យឯកជន ខណៈការបាញ់បង្ហោះនេះដែរ ក៏ជាលើកដំបូង ដែលគ្រាប់រ៉ុក្កែតប្រភេទ Epsilon ដឹកជញ្ជូនផ្កាយរណបច្រើនគ្រឿង ។

គួរបញ្ជាក់ថា ផ្កាយរណបទាំង៧គ្រឿងខាងលើ ត្រូវបានផលិតឡើងដោយក្រុមហ៊ុនឯកជន និងសាកលវិទ្យាល័យ១០ផ្សេងៗពីគ្នា ហើយទីភ្នាក់ងារអវកាសជប៉ុន ក៏បានទទួលស្គាល់ដែរថា គ្រាប់រ៉ុក្កែត Epsilon-4 បានយកផ្កាយរណបទំាងនេះ ទៅកាន់គន្លងផែនដី ដោយជោគជ័យ ក្នុងរយៈពេល៥០នាទីប៉ុណ្ណោះ បន្ទាប់ពីបានចេញនៅរយៈកម្ពស់៥១៤គីឡូម៉ែត្រពីផ្ទៃផែនដី ៕

អត្ថបទដែលជាប់ទាក់ទង