ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាតករមិនស្គាល់មុខ ចាក់សម្លាប់បុរសម្នាក់ ក្នុងផ្ទះសំណាក់​ ចន្ធូត្រជាក់ចិត្ត ប្លន់យកម៉ូតូមួយគ្រឿង​

171

ភ្នំ​ពេញៈ បុរសម្នាក់ ត្រូវបានគេចាក់សម្លាប់នៅក្នុងផ្ទះសំណាក់ ចន្ធូត្រជាក់ចិត្ត ។ ចំណែកឃាតករដែលមិនស្គាល់អត្តសញ្ញាណ បាន​ចាក់សម្លាប់ជនរងគ្រោះ ហើយ​ជិះម៉ូតូរបស់ជនរងគ្រោះចេញទៅបាត់ កាលនៅវេលាម៉ោង៧៖៣០នាទីយប់ ថ្ងៃអាទិត្យ​ ទី២៧​ ខែមករា​ ឆ្នាំ២០១៩ នៅ​ផ្ទះលេខ២១៥B នៅតាមបណ្ដោយផ្លូវ៣១MC ក្រុម៥ ភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

ជនរងគ្រោះ ឈ្មោះ យ៉ាន់ ជឿន​ អាយុ​៣៧ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ​រត់ម៉ូតូឌុប​ ស្នាក់នៅបន្ទប់ផ្ទះជួលម្ដុំស្ទឹងមានជ័យ ខណ្ឌមានជ័យ​ ​មានស្រុកកំណើត​នៅឯ ភូមិព្រែកសំបួរ ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ។ សម្ភារៈដែលបាត់បង់ រួមមាន ម៉ូតូមួយគ្រឿង ចិញ្ចៀនមួយវង់ និងកាបូបលុយ។ ជនរងគ្រោះ គឺជាអ្នករត់ម៉ូតូឌុបនៅខេត្តតាកែវ ដោយយូរៗឡើងមកភ្នំពេញម្តង យកអីវ៉ាន់ដាក់ឲ្យម៉ូយ។ លុះដល់ថ្ងែកើតហេតុ ទាំងបងប្អូន និងប្រពន្ធកូន មិនឃើញជនរងគ្រោះ វិលត្រឡប់ទៅផ្ទះវិញ ស្រាប់តែមានសមត្ថកិច្ច ទូរស័ព្ទមកប្រាប់សាច់ញាតិថា ជនរងគ្រោះ ត្រូវបានគេចាក់សម្លាប់នៅក្នុងផ្ទះសំណាក់ “ចន្ធូ ត្រជាក់ចិត្ត”ស្លាប់បាត់ទៅហើយ។

ម្ចាស់ផ្ទះសំណាក់ បានឲ្យដឹងថា​ នៅវេលាម៉ោង​ជិត៥ល្ងាច​​ ជនរងគ្រោះ ​បានជិះម៉ូតូម៉ាក​ ហុងដា ឌ្រីមសង់ (Honda Dream) ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FL-9986 មួយគ្រឿង​ ឌុបគ្នា មកជួលបន្ទប់ស្នាក់នៅផ្ទះសំណាក់ ជាមួយបុរសម្នាក់ទៀត ។ មួយសន្ទុះក្រោយមកបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានចេញពីបន្ទប់​ចុះមកក្រោមមុន​ ហើយម្ចាស់ផ្ទះសំណាក់ ​ក៏បានសួរនាំ​ដែរ​ តែបុរសនោះបានឆ្លើយថា ចេញទៅយកមិត្តស្រីមកគេងជាមួយគ្នា​ ហើយក៏ជិះចេញទៅបាត់តែម្ដង។ បន្ទាប់ពីទៅបាត់យូរពេក​ មកដល់ម៉ោង៧យប់​ ម្ចាស់ផ្ទះសំណាក់ ក៏បានឡើងទៅមើល​ ក៏ប្រទះឃើញបុរសរងគ្រោះដេកស្លាប់​ នៅក្នុងបង្គន់ បន្ទប់ជាន់ទី៣ ដោយមានស្នាមចាក់ជាច្រើនកាំបិត និងមានកាំបិតចិតបន្លែមួយ នៅក្បែរសព ។ ម្ចាស់ផ្ទះសំណាក់ បានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ ឲ្យចុះមកពិនិត្យនិងស្រាវជ្រាវ ចាប់ជនដៃដល់។

សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា​ ករណីនេះ ជាឃាតកម្មប្លន់សម្លាប់យកម៉ូតូ ៕

អត្ថបទដែលជាប់ទាក់ទង